ក្រសួង នឹងសាងសង់ស្ថានីយជញ្ជីងអចល័តថ្មី១ទៀត នៅផ្លូវជាតិលេខ៧៦ ខេត្តមណ្ឌលគិរី

ក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់ស្ថានីយជញ្ជីងអចល័តថ្មី បណ្តោយផ្លូវជាតិលេខ៧៦ ខេត្តមណ្ឌលគិរី នាពេលឆាប់ៗនេះ។នេះបើយោងតាម លោក សេង ឈួន ដឹកនាំគណៈប្រតិភូចុះពិនិត្យទីតាំងសាងសង់ស្ថានីយជញ្ជីងនេះ កាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

នាឪកាសនោះ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគណកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំគណៈប្រតិភូក្រសួង អាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធ បានចុះពិនិត្យទីតាំងសម្រាប់សាង​សង់​ស្ថានី​យ​ជញ្ជីងអចល័តថ្មីមួយនៅបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងចំណុចគីឡូម៉ែត្រលេខ ១៦៥ ក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

គួរជម្រាប់ថា ការសាងសង់ស្ថានីយជញ្ជីងអចល័តថ្មីនេះ នឹងជួយត្រួតពិនិត្យយានយន្តដឹកទំនិញលើផ្លូវជាតិលេខ៧៦ ដើម្បីកាត់បន្ថយការខូចខាតផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់៕