ខេត្តកំពង់ស្ពឺ ទើបទទួលបានគម្រោងរោងចក្រថ្មីមួយទៀតតម្លៃជាង ៥ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២១ មិថុនានេះ បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រថ្មីមួយកន្លែងទៀត តម្លៃ ៥លានដុល្លារអាមេរិក នៅខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុននោះមានឈ្មោះថា SOKI BAG & ACCESSORIES (CAMBODIA) CO., LTD ដែលវិនិយោគ ៥លានដុល្លារ សាងសង់រោងចក្រផលិតកាបូប និងចង់យួរគ្រប់ប្រភេទ នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជាមួយនឹងទុនវិនិយោគដ៏ធំនេះ គម្រោងនឹងជួយអាចបង្កើតការងារបានចំនួន ១.៣៨៣កន្លែង ផងដែរ។

គួររំឭកដែរថា សម្រាប់ឆ្នាំ ២០២១ នេះ គិតត្រឹមដើមខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ ជាច្រើនដែលមានទុនវិនិយោគសរុបមានប្រមាណជាង ២,២ពាន់លានដុល្លារអាមេរិក៕