ក្រសួងកសិកម្ម ជំរុញការធ្វើពាណិជ្ជកម្មកសិផលតាមប្រព័ន្ធ online

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានបង្ហាញការគាំទ្រ និងជំរុញការធ្វើពាណិជ្ជកម្មកសិផលតាមប្រព័ន្ធ online ដើម្បីដោះស្រាយបញ្ហាកកស្ទះទីផ្សារកសិផលកម្ពុជា។

ការលើកឡើងនេះ ត្រូវបានធ្វើឡើង តាមរយៈឪកាសជំនួបសម្តែងការគួរសម និងជម្រាបជូនអំពីកម្មវត្ថុនៃការវិនិយោគលើការធ្វើពាណិជ្ជកម្មកសិផលតាម ប្រព័ន្ធ online រវាងរដ្ឋមន្រ្តី វេង សាខុន និងលោកនាយកក្រុមហ៊ុន ស្មាយល៍ សប ឯ.ក នៅទីស្តីការក្រសួងកសិកម្ម កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

នាឪកាសនោះ លោកនាយកក្រុមហ៊ុន ស្មាយល៍ សប ឯ.ក បានឲ្យដឹងថា គោលបំណងរបស់ក្រុមហ៊ុន រចនាសម្ព័ន្ធទីផ្សារ ការផ្តល់ព័ត៌មានទីផ្សារកសិផល ដៃគូសហការ សេវាកម្មដឹកជញ្ជូនទំនិញ ការបញ្ជាទិញកសិផលតាម online ការចាយប្រាក់ បណ្តាញទីផ្សារ មីក្រូហិរញ្ញវត្ថុ ទំនាក់ទំនងពាណិជ្ជកម្ម ការនាំចេញ និងនាំចូល។

លោកបន្តថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺ ឆ្លងកូវីដ-១៩ ធ្វើឲ្យសកម្មភាពជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកាន់តែមានការពិបាក ហេតុនេះហើយកម្មវត្ថុខាងលើនឹងប្រាកដជាចូលរួមចំណែកដោះស្រាយបញ្ហាជូនអតិថិជន និងជាពិសេសចូលរួមបង្កើតឱកាសសម្រាប់កសិករ សហគមន៍កសិកម្ម និងអ្នកផលិត អាចបន្តរក្សានិរន្តរភាពទីផ្សារកសិផលរបស់ខ្លួនបានល្អ។ មិនតែប៉ុណ្ណោះ កសិផលកម្ពុជាអាចមានឱកាសលក់ចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

លោករដ្ឋមន្ត្រី បានបង្ហាញ ការគាំទ្រចំពោះគោលបំណងរបស់ក្រុមហ៊ុន ដោយសារកម្មវត្ថុនៃការ  ធ្វើពាណិជ្ជកម្មកសិផលតាមប្រព័ន្ធ online មានសារសំខាន់ និងពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន ក្នុងការចូលរួមដោះស្រាយបញ្ហាកកស្ទះទីផ្សារកសិផល តាមរយ:ការលក់ចេញតាម online ការផ្តល់សេវាដឹកជញ្ជូនរហ័សទាន់ចិត្តជូនអតិថិជន ដល់គ្រប់ទីកន្លែង និងគ្រប់ពេល វេលា។

លោកក៏បញ្ជាក់ថា បច្ចុប្បន្នក្រសួងមាន CamAgri-Market App, Khmeragri.info និង Chamkar App ដែលជាបណ្តាញផ្សព្វផ្សាយព័ត៌មានទីផ្សារកសិកម្ម។ ដូច្នេះក្រមហ៊ុនអាចសហការជាមួយក្រសួងបាន ដើម្បីពង្រីកការងារផ្សព្វផ្សាយអំពីព័ត៌មានទីផ្សារកសិកម្ម តម្រូវការបរិមាណផ្គត់ផ្គង់ ដំណាំដែលមានសក្តានុពល និងតម្លៃ។

ជាថ្មីម្តងទៀត ក៏បានគាំទ្រ និងលើកកម្ពស់ការអនុវត្តអភិក្រម “រដ្ឋ-ដៃគូអភិវឌ្ឍន៍-វិស័យឯកជន-សហគមន៍កសិកម្ម” ឲ្យបាន់តែមានប្រសិទ្ធភាពក្នុងទិសដៅរួមមួយគឺជួយរក និងពង្រីកទីផ្សារកសិផលនាពេលអនាគតដ៏ខ្លីខាងមុខ៕