ដំណើរការអនុវត្តគម្រោងកម្មវិធីជំរុញកំណើនវិស័យជល សម្រេចបាន១៥ %

វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១៦៖ គម្រោងកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកវារីវប្បកម្ម (CAPFISH-Aquaculture) ជារួម គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ការអនុវត្តគម្រោងគឺសម្រេចបាន ១៥ % ធៀបនឹងពេលវេលាប្រើប្រាស់អស់ ៥៨ % ។ គម្រោងនេះ គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៣ខាងមុខ។នេះបើយោងតាមការឲ្យដឹងពី រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២១។

គម្រោងកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកវារីវប្បកម្ម)” មានទឹកប្រាក់ចំនួនប្រមាណ ៣៥ លានអឺរ៉ូ៖ ក្នុងនោះមានសហហិរញ្ញប្បទានពី AFD ចំនួនប្រមាណ ៥ លានអឺរ៉ូ សម្រាប់ផ្តល់ជាឥណទានឱ្យវិស័យឯកជន) ដែលកម្មវិធីនេះ មានទម្រង់ជា Project-Based Financing ដោយមានរដ្ឋបាលជលផល (FiA) ជាភ្នាក់ងារប្រតិបត្តិកម្មវិធី និងមាន AFD ជាភ្នាក់ងារគ្រប់គ្រងមូលនិធិ (Fund Administrator) ក្នុងនាម EU ។ ជាមួយគ្នានេះ មានការចូលរួមជាថវិកាបដិភាពរាជរដ្ឋាភិបាល ដែលសមមូលនឹងទឹកប្រាក់ចំនួនប្រមាណ ៣ លានអឺរ៉ូ ។

គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ០៦ ឆ្នាំ គឺគិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣ ។ នេះជាគម្រោងហិរញ្ញប្បទានឥតសំណងដោយសហភាពអ៊ឺរ៉ុប លើកទី១ ដែលត្រូវបានឯកភាពគ្នាឱ្យប្រើប្រាស់នីតិវិធីរួម SOPs របស់រាជរដ្ឋាភិបាល ។ កម្មវិធីនេះ ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាល ជាមួយនិងតំណាងសហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្តើមអនុវត្ត ។

កម្មវិធី CaPFish Aquaculture មានគោលបំណង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងអាកាសធាតុនិងបរិយាប័ន្ននៃវារីវប្បកម្ម ដោយបានអនុលោមទៅតាមផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ចូលរួមក្នុងសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងសុខុមាលភាពរបស់ប្រជាជន និងបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ក្នុងប្រទេសកម្ពុជា និង ដើម្បីសម្រេចបាននូវសូចនាករដែលបានចែងនៅក្នុងផែនការយុទ្ធសាស្ដ្រជាតិអភិវឌ្ឍន៍វារីវប្បកម្មកម្ពុជាឆ្នាំ២០១៦-២០៣០។

ខេត្តគោលដៅ គម្រោងនឹងអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១០ គឺកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល និងតាកែវ៕