ហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វាព្រំដែនស្ទឹងបត់-បានណងអៀន សាងសង់បានជាង២០%ហើយ

គិតមកដល់ត្រឹមចុងខែមិថុនា ឆ្នាំ២០២១នេះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ២១,០៥% ហើយ។

នេះបើតាមការលើកឡើង របស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឪកាសចុះពិនិត្យវឌ្ឍនភាព និងបច្ចេកទេសនៃការសាងសង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានានៅច្រកទ្វារព្រំដែនស្ទឹងបត់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

នាឪកាសនោះ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏ជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ឱ្យមានគុណភាពខ្ពស់ ដើម្បីពន្លឿនការងារសាងសង់ឱ្យបានរួច រាល់តាមកិច្ចសន្យាដែលបានកំណត់។

គួរជម្រាប់ថា ហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ក្នុងនោះរួមមាន៖ អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ”ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម។

គម្រោងនេះ សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយថវិកាប្រមាណ ៨៣៥ ២៥០ ១៦៨ បាត ក្រោមគម្រោងឥណទានទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង(NEDA) ចំណាយពេល២៤ខែ។

កម្ពុជា រំពឹងទុកថា ការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹងបើកឱកាសយ៉ាង ទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិរវាងថៃនិង​កម្ពុជាផងដែរ៕