កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ សង់រួចរាល់ជិត ១០០%ហើយ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថានទូតជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសរបស់ជប៉ុន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានចុះពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ ដែលបានសង់រួចជិត ១០០។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការចុះត្រួតពិនិត្យនេះ គឺដើម្បីធ្វើយ៉ាងណាត្រូវឱ្យមាននូវគុណភាពអាចប្រើប្រាស់យូរ ប្រកបដោយដោយស្តង់ដារបច្ចេកទេសត្រឹមត្រូវ ហើយអាចសម្រេចឱ្យបានជាលទ្ធផលសមិទ្ធផល ទៅតាមផែនការដូចគ្រោងទុក។

ឯកឧត្ដម លើកឡើងថា កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ មិនត្រឹមតែសាងសង់ឡើងប្រកបដោយ គុណភាពខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេសប៉ុណ្ណោះទេ ក្នុងនោះកំណាត់នេះ ក៏មានដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ និងដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវ ដើម្បីជួយឱ្យអ្នកធ្វើដំណើរទទួលបានអារម្មណ៍ស្រស់ស្រាយផងដែរ។

គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរ តែ១០០%ហើយ។នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល។

គួររម្លឹកថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលជាការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់នេះ ចាប់ពី ២គន្លងទៅ ៤គន្លង មានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) និងមានសួនច្បារចំកណ្តាល ក្រោមទឹកប្រាក់ប្រមាណ ៥00លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន៕