ក្រសួង ប្តេជ្ញាជំរុញការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឱ្យបញ្ចប់នៅឆ្នាំក្រោយ

លោក រដ្ឋលេខាធិការ សួង ហេង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ជាមួយនឹងលោក Zhou Yong តំណាង ក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CP., LTD (CPEC)កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។

នាឪកាសនោះ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីស្វែងរកដំណោះស្រាយផលប៉ះពាល់ទាក់ទងនឹងបញ្ហាផ្លូវវាងជាកម្មសិទ្ធិឯកជន ផ្លូវកាត់ទទឹងតូចៗ លូឆ្លងកាត់ក្រោមផ្លូវល្បឿនលឿន ក៏ដូចជាបញ្ជរ និងបញ្ហាមួយចំនួនផ្សេងទៀត ដែល មិនទាន់មានការឯកភាពគ្នា នៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានី ភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីពន្លឿនការអនុវត្តគម្រោងនេះឱ្យបានចប់ជាស្ថាពរ តាមផែនការដែល បានគ្រោងទុក។

លោក បានបន្តថា ក្រសួងនឹងព្យាយាម ជួយសម្របស្រួល សហការដោះស្រាយ ដើម្បីជំរុញការងារសាងសង់នេះឱ្យទាន់ពេលវេលាដើម្បីអាច បញ្ចប់គម្រោងនៅឆ្នាំក្រោយ និងបានស្នើឱ្យក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធដទៃទៀត រួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ជៀសវាងការដោះ ស្រាយបញ្ហាតែភាគីម្ខាងណាមួយ។

ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់ទៅធ្វើការសិក្សាឱ្យបាន លម្អិតលើទីតាំងរងផលប៉ះពាល់ទាំងនោះដោយកែតម្រូវទៅតាមភូមិសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយការដោះស្រាយផលប៉ះពាល់ឱ្យបានច្រើនតាមកម្រិតដែលអាចធ្វើទៅបាន ហើយដាក់ជូនលទ្ធផលនៃការ សិក្សានោះទៅថ្នាក់ដឹកនាំ ក៏ដូចជាគណៈកម្មការបច្ចេកទេសពិនិត្យដោះស្រាយ។

គួររម្លឹកថា គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបាន បើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១  ដំណើរការ សាងសង់សម្រេចបាន ៥៥,០៥% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕