រោងចក្រកែច្នៃកៅស៊ូក្រាលថ្នល់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លេចចេញរូបរាងហើយ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងត្រូវប្រើកៅស៊ូក្រាលថ្នល់កែច្នៃប្រភេទSBS សម្រាប់គម្រោងទាំងមូល សរុបប្រហែល ៥ម៉ឺន៣ពាន់តោន ពីលើថ្នល់បេតុង ដើម្បីបង្កើន ភាពធន់រឹងមាំយូរអង្វែង។

ទិន្នន័យផ្លូវការពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបញ្ជាក់ថា ក្រុមអភិវឌ្ឍន៍ បានសាងសង់រោងចក្រកែច្នៃកៅស៊ូ ក្រាលថ្នល់(asphalt)ដែលមានលក្ខណៈស្របតាមស្តង់ដាររោងចក្រ ហើយនឹងផ្គត់ផ្គង់កៅស៊ូក្រាលថ្នល់កែច្នៃប្រភេទSBSសរុបប្រហែល ៥ម៉ឺន៣ពាន់តោន សម្រាប់គម្រោងទាំងមូល។ គម្រោងប្រើប្រាស់សម្ភារថ្មីៗយ៉ាងសកម្ម និងនាំចូលនូវបច្ចេកវិទ្យាថ្មីៗដល់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនាឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន ក្នុងគម្រោងចំណាយថវិកាប្រមាណ២០១៩លានដុល្លារអាមេរិក ក្នុងនោះក្រុមហ៊ុនទទួល បានសម្បទានវិនិយោគប្រមាណ២ពាន់លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។

គម្រោងអភិវឌ្ឍន៍នេះ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំ ចំនួន៤កន្លែង ស្ពានធំនិងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឲ្យដឹងកាលពីពេលថ្មីៗនេះ គម្រោងផ្លូវល្បឿនលឿន គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ សម្រេចបានជាង៥៥ភាគរយហើ ខណៈផ្លូវនេះគ្រោង​នឹងបញ្ចប់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០២៣ ពោលគឺ មុនផែនការគ្រោងទុក៕