ជប៉ុន នឹងដាក់ដំណើរការជាបណ្តោះអាសន្ន ប្រព័ន្ធរំដោះទឹកជំនន់ ចាប់ពីថ្ងៃទី១៦ខែកក្កដាតទៅ

គម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូជំហានទី៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលគម្រោងសម្រេចលទ្ឋផលបាន ៩៨% ហើយនេះ បច្ចុប្បន្នគ្រោងនឹងដាក់អោយដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១នេះតទៅ ។

នេះបើតាមដំណើរចុះពិនិត្យការដ្ឋានគម្រោងខាងលើ កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១ កន្លងទៅ។ ដំណើរចុះពិនិត្យខាងលើ ធ្វើឡើងក្រោមវត្តមាន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអមដំណើរលោក មិកាមិ ម៉ាសាហ៊ីរ៉ូ MIKAMI Masahiro ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

គម្រោងបាននិងអនុវត្តការដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំចាប់ពីអង្កត់ផ្ចិត ១.៥ម ដល់ ២.៣ម សាងសង់អាងក្រោមដីដែលស្តុកទឹកបាន ៦៥០០០ម៉ែត្រគូប មានទំហំបណ្តោយ ១៣៥ម ទទឹង ១៣ម ជំរៅ ៤ម និងសាងសង់ស្ថានីយ៍បូមទឹកថ្មី មានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង១វិនាទី។

គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ជាដើម។

សូមរម្លឹកដែរថា ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់នេះ ត្រូវបានចាប់ផ្តើមឡើង កាលពីដើមខែមីនា ឆ្នាំ២០១៩កន្លងទៅ។ គម្រោងនេះស្ថិតក្នុងចំណោមគម្រោងការពារទឹកជំនន់ចំនួន៦ ដែលមានទឹកប្រាក់សរុប៣៦លានដុល្លារ ក្រោមជំនួយហិរញ្ញប្បទាន់របស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA៕