ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប សាងសង់សម្រេចបានជាងជិត៧០ភាគរយហើយ

គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប សាងសង់សម្រេចបានប្រមាណ៦៦,៣៤ភាគរយហើយ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៧ខែ បើគិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ។

នេះបើតាមការឲ្យដឹងតាមរយៈកិច្ចប្រជុំពិភាក្សា អំពីវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា វឌ្ឍនភាពការងារជារួមនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦,៣៤ភាគរយហើយ។

លោកបន្តថា ដោយមានការចូលរួមសហការយ៉ាងល្អ ពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជាមួយស្ថាប័នអនុវត្តគម្រោង ហើយអង្គភាពអនុវត្តគម្រោងទាំងអស់ បានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនតាមការគ្រោងទុក បើទោះបីជាបានជួបនូវឧបសគ្គ ដូចជាជំងឺរាតត្បាតកូវីដ-១៩។

ក្នុងកិច្ចប្រជុំនោះដែរ សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាពអនុវត្តគម្រោង ដែលបានយកចិត្តទុកដាក់អនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបនេះ  សម្រេចបានលទ្ធផលតាមផែនការ។

សូមជម្រាបថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែនេះ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានប្រវែងសរុបប្រមាណ ១០៨,៧គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណជាង ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ៕