ខេត្ត២នេះ ទើបទទួលបានគម្រោងវិនិយោគថ្មី តម្លៃរហូតជាង៥០លានដុល្លារ

ខេត្តចំនួន២របស់ប្រទេសកម្ពុជា គឺខេត្តកណ្តាល និងខេត្តតាកែវ ទើបតែទទួលបានគ្រោងវិនិយោគថ្មី តម្លៃរហូតជាង៥០លានដុល្លារអាមេរិក។នេះបើតាមការឲ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- HONG CEN MAX LEATHER PRODUCTS CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៦កន្លែង។

២- REMSTEX FASHION CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៦លានដុល្លារ  អាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩២៩កន្លែង។

៣- TOP FORM (CAMBODIA) MANUFACTURING COMPANY LIMITED: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៥០កន្លែង។

៤- NEW WIDE APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់ និងផលិត ម៉ាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុន       វិនិយោគប្រមាណ ៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៧០០កន្លែង៕