ក្រសួងសាធារណការ ចុះពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត

ក្រុមការងារបច្ចេកទេសក្រសួង សាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១
ចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) មុនធ្វើការប្រគល់-ទទួល និងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បណ្តោះអាសន្ន។

លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យការងារបច្ចេកទេសសាងសង់កំណាត់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) មុនធ្វើការប្រគល់-ទទួល ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាធ្វើយ៉ាងណាឱ្យផ្លូវមានគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់។

ជាលទ្ធផល បន្ទាប់ពីការពិនិត្យដោយយកចិត្តទុកដាក់លើលក្ខណៈបច្ចេកទេសសាងសង់រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួនតូច មុននឹងធ្វើការប្រគល់-ទទួលរវាងក្រសួង និងក្រុមហ៊ុនសាងសង់។

គួររំឮកផងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩ គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ស្នើអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕