ក្រសួងតម្រូវឲ្យក្រុមហ៊ុន ស្មាត សុំទោសជាសាធារណៈ និងសងអតិថិជនដែលត្រូវបានក្រុមហ៊ុនកាត់លេខពួកគេលក់ឲ្យអ្នកផ្សេងដោយគ្មានការអនុញ្ញាតពីម្ចាស់

ភ្នំពេញ៖ ក្រសួងទូរគមនាគមន៍ នៅថ្ងៃទី ២២ ខែកក្កដានេះ បានបញ្ជាឱ្យក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ធ្វើការសុំទោសជាសាធារណៈ និងសងការខូចខាតដល់អតិថិជនរបស់ខ្លួនដែលត្រូវបានក្រុមហ៊ុនបិទលេខដោយគ្មានការយល់ព្រមពីម្ចាស់។

សេចក្តីប្រកាសព័ត៌មានចុះថ្ងៃ២២ ខែកក្កដានេះ ក្រសួងទូរគមនាគមន៍បានប្រកាសថា ខ្លួនបានរកឃើញក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។
ក្រៅពីបញ្ជាឱ្យក្រុមហ៊ុនស្មាតសុំទោសជាសាធារណៈ និងសងថ្លៃខូចខាតហើយ ក្រសួងក៏បញ្ជាឱ្យក្រុមហ៊ុនរៀបចំលេខទូរស័ព្ទឱ្យម្ចាស់ដើមអាចទទួលបានវិញ និងចាត់វិធានការលើអ្នកពាក់ព័ន្ធលើករណីនេះ។

ក្រសួងបានរំលឹកថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រងនិងនីតិវិធីនៃការចែកចាយនិងលក់ស៊ីមកាតទូរសព្ទចល័ត ឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះកើតឡើង។

ក្រសួងបានព្រមាន ខ្លួននឹងចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនទូរស័ព្ទណាដែលបានប្រព្រឹត្តខុសច្បាប់ផងដែរ៕