ផ្លូវជាតិ​ឆ្លងកាត់​ខេត្ត​ចំនួន៥មាន​ប្រវែង៣៦៦គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៥០០លាន​ដុល្លារ

ភ្នំពេញ: គម្រោង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ៥ ក្រោម​កម្ចី​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន បាន​នឹង​កំពុង​ចុះ​កិច្ចព្រមព្រៀង ដើម្បី​ចាប់ផ្តើម​សាងសង់ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ៥០០លាន​ដុល្លារ ចេញពី​ព្រែក​ក្តាម​រហូតដល់​ក្រុង​ប៉ោយប៉ែត ឆ្លងកាត់​ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដែលមាន​ប្រវែង​សរុប ៣៦៦គីឡូម៉ែត្រ។

ការបង្ហាញ​នេះ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ៥ ភាគ​កណ្តា​ល (ធ្លា​ម្អម-បាត់ដំបង) ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​មកពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន ក្រុមហ៊ុន​ILSUNG-CIENCOI, ក្រុមហ៊ុន​OBAYASHI Corporation និង តំណាង​ក្រុមហ៊ុន​TEKKEN-IKEE Joint Venture នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​អធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេស​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី២៨ ខែមករា​នេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បាន​ថ្លែងថា គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ៥ គឺជា​គម្រោង​ក្រោម​កម្ចី​ឥ​ណ​ទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​ផ្តើម​សាង​សង់​​ចេញពី​ព្រែក​ក្តាម រហូតដល់​ក្រុង​ប៉ោយប៉ែត ឆ្លងកាត់ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​បន្ទា​យ​មានជ័យ មាន​ប្រវែង​សរុប ៣៦៦គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៥០០លាន​ដុល្លារ ហើយ​ការស្ថាបនា​ត្រូវ​បានបែងចែក​ជា​បី​ផ្នែកធំៗគឺ៖ ភាគ​ខាងជើង ភាគខាងត្បូង និង​ភាគ​កណ្តាល។

ឯកឧត្តម​បន្តថា គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ៥ ភាគ កណ្តាល​នេះ​មាន​ប្រវែង​សរុប ១១០,៩០គីឡូម៉ែត្រ ដោយ​ចាប់ពី​ធ្លា​ម្អម ដល់ បាត់ដំបង ទទឹង​ប្រវែង២៣ម៉ែត្រ ពី២គន្លង​ទៅ៤គន្លង ក្រាល​កៅស៊ូ AC កម្រាស១៥សង់ទីម៉ែត្រ ខណ្ឌ​ដោយ​សួនច្បារ​នៅ​ចំ​កណ្តាល គ្រោង​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ២៤៣,៧៤លាន​ដុល្លារ ហើយ​ការស្ថាបនា​នេះ​មាន​រយៈពេល​ប្រមាណ ៤២ខែ។

ទន្ទឹមនឹងនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា កំណាត់​ផ្លូវជាតិ​នេះ​ជា​ផ្លូវ​អាស៊ាន​ហាយវ៉េ​លេខ១ អាច​បង្កើន​ការនាំចេញ-នាំចូល និង​ជា​ផ្លូវ​មួយ​ប្រកបដោយ​សក្តានុពល​ខ្ពស់​សម្រាប់​បម្រើ​វិស័យសេដ្ឋកិច្ច​កម្ពុជា ពិសេស​អាច​កាត់បន្ថយ​គ្រោះថ្នាក់ និង​ការកកស្ទះ​ចរាចរណ៍​បាន​យ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នេះ​នឹងមាន​ជីវភាព​កាន់តែ​ល្អប្រសើរ​តាមរយៈ​កំណើន​នៃ​ការអភិវឌ្ឍ វិនិយោគ និង​ទេសចរណ៍។

ឯកឧត្តម​ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ដាក់​ផ្លាកសញ្ញា​សុវត្ថិ ភាព​ឱ្យបាន​ត្រឹមត្រូវ​នៅតាម​ការដ្ឋាន​សាងសង់​ផ្លូវ ដែល​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យស្លាប់​ចំពោះ​អ្នកធ្វើដំណើរ និង​បាន​សំណូម​ឱ្យ​ក្រុមហ៊ុន​ទាំងបី ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព គុណភាព និង​សុវត្ថិភាព​នៃ​ការសាងសង់៕