ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជិត៥ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២១នេះ

ទោះបីជួបវិបត្ដិកូវីដ១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជិត៥ពាន់លានដុល្លារ កើន៣១% នៅឆមាសទី១ ឆ្នាំ២០២១នេះ ខណៈកំណត់គោលដៅឲ្យបាន ១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣។នេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ដ្រ បានឲ្យដឹងថា ទោះបីជាប្រទេសទាំងពីរ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិកូវីដ១៩ ក៏ដោយ ក៏កំណើនពាណិជ្ជកម្ម នៅតែមានការកើនទ្បើង។

ជាក់ស្តែងលោកថា«ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន ៦ខែ ឆ្នាំ២០២១នេះ មានការកើនទ្បើង ចំនួន៣១% គឺបានក្នុងតម្លៃជិត ៥,០០០ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេល៦ខែដូចគ្នា ក្នុងឆ្នាំ២០២០ ដែលតម្លៃត្រឹមតែ ៣,៧០០លានដុល្លារអាមេរិកតែប៉ុណ្ណោះ»។

គូសបញ្ជាក់ថា ជាទូទៅកម្ពុជា បាននាំចេញទៅចិន នូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម -ល-។

ខណៈការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើ ឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុង ជាដើម៕