មន្ត្រីជាន់ខ្ពស់​ថា តំបន់ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត៤ ត្រូវបាន​គ្រប់គ្រង​និង​ថែរក្សា​យ៉ាង​មាន​ប្រសិទ្ធភាព

ភ្នំពេញ: បន្ទាប់ពី​មាន​បណ្ដាញសារព័ត៌មាន និង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្សព្វផ្សាយ​អំពី​សកម្មភាព​រំលោភ​យ​ក​ឆ្នេរ​ស​មុ​ទ្រ​នៅក្នុង​ខេត្ត​មាត់សមុទ្រ​មួយចំនួន​នោះ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើក​ឡើង​ថា តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ប្រវែង ៤៤០គីឡូម៉ែត្រ ស្ថិតនៅក្នុង​ខេត្ត​ទាំង​បួន ត្រូវបាន​គ្រប់គ្រង​ការពារ និង​ថែរក្សា​ប្រក​ប​ដោយ​​ការទទួលខុសត្រូវ និង​ប្រសិទ្ធភាព។

ការលើកឡើង​នេះ ក្នុង​ពិធី​បញ្ចប់​គ្រោង​អាគារ Gold Tower ៤២ជាន់ កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បញ្ជាក់ថា ទោះបី​ទំហំ​ទឹកប្រាក់​វិនិ​យោ​គ​លើ​វិស័យ​សំណង់​ក្នុង​ឆ្នាំ២០១៨ មាន​ប្រមាណ ៥.៧៥៥លាន​ដុល្លារ​អាម៉េរិក ទាប​ជាង​ឆ្នាំ២០១៧ ប៉ុន្តែ​ការដាក់​ទុន​វិនិ​យោគ ជាក់ស្តែង​របស់​អ្នកវិនិយោគ​លើ​វិស័យ​សំណង់ គឺ​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់ជាង​ឆ្នាំមុន។

ឯកឧត្តម លាង មុនី​រិ​ទ្ធ បាន​បញ្ជាក់ថា ជាក់ស្តែង​តំបន់ឆ្នេរ​ខ្សាច់​កម្សាន្ត​ក្រុងព្រះសីហនុ ត្រូវបាន​រៀបចំ​កែលម្អ ដោ​យ​បាន​​សាងសង់​ខ្លោងទ្វារ​ច្រកចូល​ឆ្នេរ ដាក់ឈ្មោះ​ឆ្នេរ​រៀបចំ​ក្រាក​ក្រា​នី​ត​តាម​ចិញ្ចើមផ្លូវ និង​ច្រកចូល​រៀបចំ​តូប​កម្សាន្ត​ថ្មី ដែលមាន​សោភណភាព និង​បរិស្ថាន​ល្អ​កសាង​ផ្លូវ និង​បើកចំហ​ឆ្នេរសមុទ្រ​សម្រាប់​សាធារណជន​ចេញចូល​កម្សាន្ត​រៀប​ចំ​​បណ្តាញ​បៃតង​តាម​បណ្តោយ​ឆ្នេរ​រៀបចំ​ប្រព័ន្ធ​លូ​អាង​ចម្រោះ​ទឹក​កខ្វក់​រៀបចំ​ដាក់​ប៉ាណូ​ផ្សព្វផ្សាយ​អំពី​ការអភិវឌ្ឍ និង​អភិរក្ស​តំបន់ឆ្នេរ​សមុទ្រ ដើម្បី​ធានាបាន​ឆ្នេរសមុទ្រ​កម្ពុជា​ជា​ឆ្នេរ​ស្រស់ស្អាត ដែលជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​នៅលើ​សកលលោក និង​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ឆ្នេរសមុទ្រ​កម្ពុជា​តារា​រះ​នា​ទិសនិរតី។

ក្នុងនោះដែរ ឯកឧត្តម​បន្តថា វិស័យ​សំណង់​បានផ្តល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ២០ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ​នៅ​ទូទាំងប្រទេស​ដែល​ក្នុងនោះ​ប្រមាណ ១៥ម៉ឺន​នាក់ នៅក្នុង រាជធានី​ភ្នំពេញ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ចាត់​ទុក​ថា វិស័យ​ឧស្សាហកម្ម​សំណង់ នៅតែ​ជា​សសរស្តម្ភ​មួយ ដែល​ធានា​ចីរភាព​នៃ​កំណើន​ផលទុន​សរុប​របស់​ក​ម្ពុ​ជា។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​បានលើកឡើង​ទៀតថា ទាក់ទង​នឹង​ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏មាន​ការ​រីក​ចម្រើន​ផងដែរ ជាក់ស្តែង​ផែនការ​រៀបចំ​ដែនដី ប្លង់គោល និង​ផែនការ​ប្រើប្រាស់​ដី​ថ្នាក់ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក ខណ្ឌ ថ្នាក់​រាជធានី ខេត្ត​តាម​តំបន់ និង​ថ្នាក់ជាតិ​ត្រូវបាន​រៀបចំ និង​ស្នើសុំ​អនុម័ត​ជា​បន្តបន្ទាប់៕