
ភ្នំពេញ: ខណៈបញ្ហាស្រូវ អង្ករនៅកម្ពុជា កំពុងមានតម្លៃទាបនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ នៅថ្ងៃទី ៣០ មករានេះ បានស្នើដល់ភាគីវៀតណាមជួយដោះស្រាយដោយទិញស្រូវ អង្ករឱ្យតាមតម្លៃ ទីផ្សារនៅក្នុងប្រទេ សវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការបង្ហាញនេះ ក្នុងកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពការប្រមូលទិញស្រូវពីកសិករកម្ពុជាក្នុងពេលបច្ចុប្បន្នរវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយម វៀតណាមប្រចាំនៅកម្ពុជា។
ភាគីទាំងបានពិភាក្សាលើបញ្ហាសំខាន់ចំនួនពីរគឺទី១ ធ្វើការពិនិត្យ និងវាយតម្លៃជារួមលើស្ថានភាពតម្លៃស្រូវក្នុងពេលបច្ចុប្បន្ន និងទី២ រួមគ្នាដោះស្រាយ និងដាក់ចេញនូវយន្តការនៃការប្រមូលទិញស្រូវ-អង្ករពីកម្ពុជាឱ្យបានសមស្របទៅនឹងតម្លៃលើទីផ្សារនៅប្រទេសវៀតណាម។
បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមកកិច្ចប្រជុំបានដាក់ចេញនូវយន្តការដោះស្រាយនូវបញ្ហាតម្លៃស្រូវ ក្នុងរយៈពេលខ្លី មធ្យម និងវែងដោយភាគីវៀតណាមនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយពាណិជ្ជករវៀតណាម បន្ទាប់មកនឹងធ្វើរបាយការណ៍លម្អិតជូននាយករដ្ឋមន្ត្រីវៀតណាមដើម្បីជំរុញឱ្យពាណិជ្ជករវៀតណាមជួយ ប្រមូលទិញស្រូវពីកម្ពុជាក្នុងតម្លៃសមរម្យ។
ទន្ទឹមនេះ ធនាគារ AGRI BANK នឹងពិនិត្យលទ្ធភាព និងធ្វើការសម្រួលបែបបទផ្សេងៗដើម្បីផ្តល់កម្ចីឥណទានដល់ពាណិជ្ជករវៀតណាមសម្រាប់ជាទុនប្រមូលទិញស្រូវក្នុងរដូវប្រមូលផលនេះ ព្រមទាំងគាំទ្រដល់ការផ្តល់ឥណទានដល់ពាណិជ្ជករកម្ពុជាដែលខ្វះទុនក្នុងការប្រមូលទិញកសិផល។ ក្រៅពីនេះ ភាគីទាំងពីរនឹងបន្តពង្រឹង និងពង្រីកការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពដើម្បីរក្សានិរន្តរភាពនៃភាពជាដៃគូរវាងអ្នកផលិត និងអ្នកទិញ។
ភាគីទាំងពីរបាន ឯកភាពគ្នាថានឹងសហការគ្នាដោះស្រាយបញ្ហាប្រឈមដែលមានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ជាមួយគ្នានេះដែរទូរទស្សន៍វៀតណាមនឹងចុះទៅកន្លែងប្រមូលផលធ្វើការផ្សព្វផ្សាយពីវិធានការ នៃកិច្ចប្រជុំនេះជូនដល់ពាណិជ្ជករវៀតណាមឱ្យជួយទិញស្រូវក្នុងតម្លៃសមរម្យ។
ឯកឧត្តម Vu Quang Minh បានគូសបញ្ជាក់ថា ភាគីវៀតណាម នឹងជំរុញឱ្យមានការចុះ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសលើផលិតផលថ្នាំជក់ និងស្រូវ-អង្ករដោយអត្រាពន្ធសូន្យក្នុងរយៈពេលដ៏ខ្លីខាងមុខ៕