កម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នេះ

រដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមការងារ បានកំពុង​នឹងពិភាក្សាការងារលើការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់​ផ្ទះ​នៅខែវិច្ចកា ក្នុងឆ្នាំ២០២១នេះ។

ថ្លែងក្នុងប្រជុំកាលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នាទីស្ដីការក្រសួង ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញក្រោមឱវាទក្រសួង។

លោកបន្តថា អង្គប្រជុំបានពិភាក្សាលើការបង្កើតគណៈកម្មការទទួលបន្ទុករៀបចំ ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ានដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅក្នុងបរិបទនៃការឆ្លងរីករាលដាលជាសកលនៃមេរោគកូវីដ១៩នៅទូទាំងពិភពលោក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១០-១១ ខែវិច្ឆិកា ឆ្នាំ២០២១ ការត្រៀមរៀបចំសម្ភារនិងគ្រឿងបរិក្ខារផ្សេងៗសំដៅសម្រួលដល់ដំណើរការនៃកិច្ចប្រជុំនេះឱ្យប្រព្រឹត្តទៅ ដោយរលូន និងប្រសិទ្ធភាពខ្ពស់បំផុត។

ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីទស្សនវិស័យវែងឆ្ងាយ ក្នុងពេលកម្ពុជា ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដោយកម្ពុជាជាប្រទេសដែលនាំមុខគេក្នុងការពង្រីក ការចូលរួមរបស់ដៃគូរសន្ទនាជាមួយអាស៊ានឱ្យបានកាន់តែច្រើន ដែលរួមមាន៖ ប្រទេសឥណ្ឌា អូស្រ្តាលី ធនាគារពិភពលោក(WB) ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ជាដើម ហើយក្រុមការងាររបស់ក្រសួង(MPWT) នឹងធ្វើការសហប្រតិបត្តិការល្អជាមួយលេខាធិការដ្ឋាន អាស៊ានដើម្បីសម្រេចគោលដៅនេះ។

សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដោយមានការចូលរូមពីអង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងក្របខណ្ឌក្រសួង និងបានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈពិនិត្យ និងស្រាវជ្រាវអំពីការរៀបចំប្រព័ន្ធវីដេអូពីចម្ងាយឱ្យមានប្រសិទ្ធភាព និងមានលក្ខណៈរលូន៕