ក្រសួងប្រៃសណីយ៍ នឹងដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទទូទាំងប្រទេស ឲ្យអស់ត្រឹមឆ្នាំ២០២៧

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា នឹងដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទតាមបុរីមួយចំនួនក្នុងរាជធានីភ្នំពេញឲ្យបានឆាប់ៗនេះ ខណៈក្រសួងក៏គ្រោងនឹងដាក់ផែនការពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុក​ទូទាំងប្រទេសឲ្យរួចរួរាល់​នៅឆ្នាំ២០២៧ ខាងមុខនេះផងដែរ។

នេះបើយោងតាម កិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយប្រធានអង្គភាពព័ត៌មាន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា បញ្ហាអត់សេវាទូរស័ព្ទ តាមបុរីមួយចំនួនក្នុងរាជធានីភ្នំពេញវិញ នឹងត្រូវដោះស្រាយរួចឆាប់ៗនេះ។

ឯកឧត្តមបញ្ជាក់ដូច្នេះថា« បញ្ហាអត់សេវាទូរស័ព្ទ ក្នុងបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលកន្លងទៅមានប្រជាពលរដ្ឋយើង រអ៊ូរទាំថា ឲ្យតែចូលក្នុងបុរីទូរស័ព្ទគ្មានសេវា ហើយប្រតិបត្តិករទូរស័ព្ទតែងឆ្លើយដោះសារលើបញ្ហានេះ»។

ចំពោះដំណោះស្រាយនេះ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងនឹងដាក់ឧបរណ៍សម្រាប់ធ្វើតេស្តចាប់សេវាទូរស័ព្ទ ក្នុងបុរី ឬទីកន្លែងណាដែលមានបញ្ហា មិនមានសេវា ហើយបង្ហាញឲ្យក្រុមហ៊ុនទូរស័ព្ទទាំងនោះកែលម្អ និងដោះស្រាយ។

គួរបញ្ជាក់ដែររដែរថា ការប្រកាសដាក់ចេញផែនការពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុក​ទូទាំងប្រទេស​នៅឆ្នាំ២០២៧នេះ ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អះអាងថា នឹងអាចជួយឲ្យមានស្ថិរភាពប្រព័ន្ធសេវា សម្រាប់ពលរដ្ឋ​ ពិសេសអ្នកប្រើប្រាស់ទាំងការនិយាយទូរស័ព្ទ និងប្រើប្រាស់ប្រព័ន្ធអ៊ីធឺណេតផងដែរ៕