ផ្លូវខ្សែក្រវាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ ជួសជុលសម្រេចបាន ៩០%ហើយ

ផ្លូវខ្សែក្រវាត់ព្រំដែន ដែលតភ្ជាប់ទៅកាន់តំបន់ព្រំដែន កម្ពុជា ថៃ និងឡាវ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ គិតមកទល់ពេលនេះ ជួសជុលនិង កែលម្អឡើងវិញ សម្រេចបានប្រមាណ៩០%ហើយ។នេះបើ​តាម​ការចុះ​ផ្សាយរបស់ក្រសួងព័ត៌មាន កាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ផ្លូវខ្សែក្រវាត់ព្រំដែននេះ កន្លងមកបានទទួលរងនូវការខូចខាតខ្លាំង ដោយសារជំនន់ទឹកភ្លៀង។ហេតុនេះ ទើបមន្ទីរ បានជួសជុលនិងកែលម្អឡើងវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ។

គួរជម្រាប់ថា ផ្លូវខ្សែក្រវាត់ព្រំដែន ដែលតភ្ជាប់ទៅកាន់តំបន់ព្រំដែន កម្ពុជា ថៃ និង ឡាវ នេះ រួមមាន៖ ផ្លូវជាតិលេខ៩៤ប្រវែង៦៥គីឡូម៉ែត្រតភ្ជាប់ពីស្រុកឆែបឆ្ពោះទៅតំបន់ព្រំដែនកម្ពុជា-ឡាវ, ផ្លូវជាតិ លេខ ៩៥ ប្រវែង១៣គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅកាន់ស្រុកជ័យសែន, ផ្លូវជាតិលេខ៦២ តភ្ជាប់ពី ភូមិភ្នំដែកឆ្ពោះទៅកាន់ស្រុករវៀង និងផ្លូវជាតិលេខ៩២ មានប្រវែងជាង៨០គីឡូម៉ែត្រ តភ្ជាប់ពីព្រំប្រទល់ ខេត្តស្ទឹងត្រែង និង ព្រះវិហារឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ឡាវ និងបន្តតភ្ជាប់ទៅកាន់តំបន់បន្ទាយ ស្រមោចព្រំដែនកម្ពុជា-ថៃ។

ដោយឡែកចំនុចដែលមន្ទីរសាធារណការ និងដឹកជញ្ជូន ធ្វើការជួសជុលគឺឆ្លងកាត់ឃុំ កំពង់ស្រឡៅ១ និង កំពង់ស្រឡៅ២ ក្នុងស្រុកឆែប ខេត្តព្រះវិហារ ដោយជួសជុលដូចជា៖ លុបជង្ហុក និងការកាត់សម្អាត រុក្ខជាតិដោយម៉ាស៊ីនស្វ័យប្រវត្តិជាដើម៕