អគារមន្ទីរពិសោធន៍ ក្រោមជំនួយកូរ៉េជិត៦០ម៉ឺនដុល្លារ ចាប់ផ្តើមសាងសងជាផ្លូវការ

អគារមន្ទីរពិសោធន៍ ជាជំនួយឥតសំណង របស់សាធារណរដ្ឋកូរ៉េ ប្រមាណ៥៨ម៉ឺនដុល្លារ ដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង បានផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការ​ហើយ។ការដ្ឋាននេះ ត្រូវបានបើកក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា អគារមន្ទីរពិសោធន៍ នេះ គឺជាជំនួយ​របស់ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ ក្រុមហ៊ុនសាជីវកម្មផ្លូវល្បឿនលឿនកូរ៉េ និងវិទ្យាស្ថានកូរ៉េ សំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់តាមរយ: “គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជាប្រមាណ ៥៨០,០០០ដុល្លារអាមេរិក។

លោកថា  គម្រោងនេះ នឹងបង្កើតប្រសិទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា តាមរយៈ ការពង្រឹងការគ្រប់គ្រងប្រព័ន្ធផ្លូវថ្នល់ ការបណ្តុះបណ្តាលអ្នកជំនាញជាន់ខ្ពស់ ការផ្តល់សម្ភារបច្ចេកទេស និងអគារមន្ទីរពិសោធន៍បច្ចេកវិទ្យាសំណង់ និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

គួរបញ្ជាក់ថា អគារមន្ទីរពិសោធន៍នេះ មានប្រវែងសរុប ១៨ម៉ែត្រ គុណ ២៥ម៉ែត្រ កំពស់ ២ជាន់ ក្នុងនោះ រួមមានបន្ទប់ Asphalt Test Lab, បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំងបន្ទប់ការិយាល័យ។ ការសាងសង់អគារនេះ គ្រោងប្រើរយៈពេល៧ខែ ដោយគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ៕