រដ្ឋាភិបាល ដាក់ចេញផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីឲ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នៅឆ្នាំ២០៣៥

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ២០២១-២០៣៥ ក្រោយក្រសួងទេសចរណ៍ចំណាយពេលអស់១ឆ្នាំក្នុងការសិក្សានិងរៀបចំផែនការនេះ។

តាមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ២០២១-២០៣៥ រដ្ឋាភិបាលបានកំណត់យកខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ក្នុងនាំចេញ។

ចក្ខុវិស័យក្នុងផែនការមេនេះ នឹងជំរុញវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ខណៈដែលនៅឆ្នាំ២០៣៥ ចំនួនភ្ញៀវអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រមាណ ៩០ ម៉ឺននាក់ ស្របពេលដែលចំនួនភ្ញៀវក្នុងស្រុក នឹងកើនឡើងដល់ជាង ២ លាននាក់ បង្កើតការងារប្រមាណ ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០ លានដុល្លារ។

តាមរយៈផែនការមេនេះ បានឲ្យដឹងថា ដើម្បីការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី គឺទាមទារឱ្យមានគិតគូរនូវកត្តាសំខាន់ៗមួយចំនួន រួមមាន៖ ទី១- ប្រព័ន្ធតភ្ជាប់ទៅគោលដៅទេសចរណ៍សំខាន់ៗ ទី២- ហេដ្ឋារចនាសម្ព័ន្ធអន្តរវិស័យរួមមាន៖ ផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់ ការជំរុញផលិតកម្មក្នុងខេត្តជាដើម ទី៣-ធនធានមនុស្សបម្រើការក្នុងវិស័យទេសចរណ៍ និងទី៤-គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ចាំបាច់ត្រូវមានការពង្រឹងបន្ថែម ឆ្លើយតបតាមស្តង់ដាជាតិ និងអាស៊ាន។

មិនតែប៉ុណ្ណោះ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត រដ្ឋាភិបាល បានដាក់ចេញនូវយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ដែលនឹងត្រូវធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ដោយគណៈកម្មការអន្តរក្រសួង ដើម្បីជាមូលដ្ឋានកែតម្រូវ និងតម្រង់ទិសក្នុងការអនុវត្តបន្ត៕