ក្រសួងប្រៃសណីយ៍ បើកឱ្យស្ថាប័នឯកជននានា អាចបញ្ជាទិញ Rapid Test ដោយមិនកំណត់បរិមាណ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសបើកឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស ស្ថាប័ននានា អាចបញ្ជាទិញ Rapid Test ដោយមិនកំណត់បរិមាណ ដើម្បីជំរុញការធ្វើតេស្តរកមេរោគឱ្យបានឆាប់រហ័ស និងឈានទៅ កាត់ផ្តាច់ការចម្លងវីរុសដ៏កាចសាហាវនេះ ។នេះបើតាមសេចក្តីប្រកាស កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។

ក្រសួងបានឲ្យដឹងបន្តថា ដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ក្រសួងបន្តចែកចាយឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Standard Q) ពីប្រទេសកូរ៉េ ក្នុងតម្លៃដើម ៣.៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍ ដោយបើកទូលាយ មិនកំណត់បរិមាណ។

ក្រុមហ៊ុន សហគ្រាស រោងចក្រ អាចបញ្ជាទិញដោយចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬអញ្ជើញមកទិញដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ / ០៦៧ ៨១៨ ៧៨២ / ០១៧ ៨៤៨ ១០៨ / ០៧៧ ៨៦៧ ៩៥៧៕