ចំនួនអ្នកស្នើសុំឥណទានលក្ខណៈបុគ្គល​ថយចុះបន្តិច បើធៀបនឹងត្រីមាសមុន

ភ្នំពេញ: ឥណទានមិនដំណើរការលើសពី៣០ថ្ងៃ (NPL 30)​ ​បានបន្តធ្លាក់ចុះនៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៨ ប្រៀបធៀបទៅនឹងត្រីមាសមុន​ ហើយបម្រែបម្រួលសមតុល្យទឹកប្រាក់ដែល​សងត្រលប់យឺតក៏ធ្លាក់ចុះចាប់ពីត្រីមាសមុនផងដែរ។ នេះបើតាមការិយា​ល័​យ​​ឥណ​ទានកម្ពុជា (ស៊ីប៊ីស៊ី)។

តាមគេហទំព័ររបស់ការិយា​ល័​យ​​ឥណ​ទានកម្ពុជា (ស៊ីប៊ីស៊ី) Credit Bureau Cambodia (CBC) បានបង្ហាញថា ចំនួននៃការស្នើសុំឥណទានជារួម មានការធ្លាក់ចុះបន្តិចធៀបនឹងត្រីមាសទី៣ ដោយឡែកចំនួននៃការដាក់ពាក្យស្នើសុំប័ណ្ណឥណទានមានការកើនឡើង​​ទូទាំ​ងប្រទេស ដែលបង្ហាញថាប្រជាជនចាប់ផ្តើមចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ចំនួន​គណនីសរុប និងសមតុល្យឥណទានលក្ខណៈបុគ្គលសរុបនៅតែបន្តកើនឡើងគិត​ត្រឹមចុងត្រីមាសទី៤នេះ។

លោក អឿ សុធារ័ត្ន ប្រធាននាយប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា មានប្រសាសន៍ថា ទោះបីជាចំនួនអ្នកស្នើសុំឥណទានលក្ខណៈបុគ្គលមានការធ្លាក់ចុះបន្តិចក្នុងត្រីមាសនេះ (-០.២៧%) ធៀបនឹងត្រីមាសមុន ដោយឡែកបើមើលពីកំណើនសរុបប្រចាំឆ្នាំ ឃើញថាចំនួនសើ្នសុំឥណទានលក្ខណៈបុគ្គលសរុបប្រចាំឆ្នាំ២០១៨នេះ កើនឡើងដល់ ៣៥% ធៀបនឹងចំនួនសើ្នសុំឥណទានលក្ខណៈបុគ្គលសរុបកាលពីឆ្នាំ២០១៧​។

លោកបន្តថា ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបក៏មានកំណើនរហូតដល់ ១.០៨​លានគណនី ហើយសមតុល្យឥណទានសរុបបានកើនឡើងរហូតដល់ ៦.២៤ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំ២០១៨នេះ​។ បើមើលពីកំណើនប្រចាំឆ្នាំចំនួនគណនីឥណទានកើនឡើង ២៨ភាគរយ ហើយសមតុល្យឥណទានមានកំណើន ៣៧​ភាគរយ បើធៀបនឹងរយៈពេលពេលដូចគ្នាក្នុងឆ្នាំ២០១៧។

លោកបន្ថែមថា “កំណើននៃឥណទានបន្តតាមទំនោរជាវិជ្ជមាន ដូចបញ្ជាក់តាមរយៈការបន្តធា្លក់ចុះនៃអនុបាតឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ ពី១.៥១ភាគរយនៅត្រីមាសទី៤ ឆ្នាំ ២០១៧ មកត្រឹម ១.១៨ភាគរយ នៅត្រីមាសទី៤ ឆ្នាំ២០១៨ ដែលបញ្ជាក់អំពីការគ្រប់គ្រងគុណភាពឥណទានបានល្អពីស្ថាប័នហិរញ្ញវត្ថុ។”

នៅក្នុងត្រីមាសទី៤ សំរាប់ឆ្នាំ២០១៨នេះ បើប្រៀបធៀនទៅនឹងត្រីមាសទី៣ ចំនួននៃការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) បានធ្លាក់ចុះបន្តិចចំនួន -០.១៣ភាគរយ ហើយការស្នើកម្ចីអចលនទ្រព្យ (Mortgage) ធ្លាក់ចុះ -៦ភាគរយ។ ដោយឡែក ចំនួននៃការស្នើសុំប័ណ្ណឥណទាន (Credit Card) បានកើនឡើង +១៩ភាគរយ ធៀបនឹងត្រីមាសមុន។ បើមើលជារួម ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលនៃផលិតផលទាំងបីនេះបានធ្លាក់​ចុះ​បន្តិច​ត្រឹម -០.២៧ភាគរយ​ ក្នុងត្រីមាសទី៤នេះ។

ទោះបីជាចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលមានការធ្លាក់ចុះក៏ដោយ ទំហំទឹកប្រាក់នៃការស្នើសុំឥណទាននេះនៅតែបន្តកើនឡើងដល់ +៦ភាគរយ ដែលមានន័យថា ចំនួន​អ្នកស្នើសុំឥណទានតិចជាងត្រីមាសមុន ប៉ុន្តែជាមធ្យមទំហំឥណទានដែលស្នើសុំលើផលិតផលទាំងបីច្រើនជាងត្រីមាសទី៣។ កំណើននេះដោយសារ ទំហំទឹកប្រាក់នៃការស្នើសុំកម្ចីអចលនទ្រព្យបានកើនឡើង ១ភាគរយ ប័ណ្ណឥណទានកើន + ៥ភាគរយ​ហិរញ្ញវត្ថុផ្ទាល់ខ្លួនកើន +៨ភាគរយ៕