ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចលទ្ឋផលសាងសង់បាន៨០%ហើយ

គិតត្រឹមថ្ងៃទី២០ខែសីហាឆ្នាំ២០២១កន្លងទៅនេះ ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចលទ្ឋផលបាន ៨០%នៃគម្រោងទាំងមូល។ នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែសីហា ។

មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា តាមកម្មវិធីការងារ ការដ្ឋាននឹងបញ្ចប់ការសាងសង់នៅចុងខែមីនាឆ្នាំ២០២២ខាងមុខ ។

គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គ្រោងប្រើប្រាស់ថវិការសាងសង​ប្រមាណ ២២លានដុល្លារ ខណៈបច្ចុប្បន្ន ផ្នែកខ្លះនៃគម្រោង ក៏ត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្នហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីនេះ កំពុងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានបើកការដ្ឋានតាំងពីខែ មិថុនា ឆ្នាំ ២០១៨ ដោយប្រើពេលសាងសង់ ៣០ខែ។

បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំសនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ៕