ដំណឹងល្អ! ផ្លូវជាតិលេខ៤៨ នៅខេត្តកោះកុង នឹងចាប់ផ្តើមសាងសង់ នាដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ

គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។

នេះបើតាម បានឲ្យដឹងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ផ្លូវ រវាង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ផ្លូវនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ ក្រុងខេមរ ភូមិន្ទ ខេត្ត កោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លង ប្រវែង២៥,១គីឡូម៉ែត្រមាន ចំនួន ០៤ គន្លង។

ផ្លូវនេះមានការកែសម្រួលចំណុចផ្លូវប្រសព្វចំនួន០៥កន្លែង ១). ចំការហ្លួង ២). ស្រែអំបិល ៣). ផ្លូវបំបែកចូលទៅគីរីសាគរ ៤). ផ្លូវបំបែកចូលទៅទំនប់វារីអគ្គីសនី ៥).ផ្លូវបំបែកចូលទៅ ព្រលានយន្តហោះ សាងសង់ស្ពានថ្មីចំនួន០៤កន្លែង (ប្រវែង១១៣ម) ប្រព័ន្ធបង្ហូររំដោះទឹក លូមូលបេតុង ១៤០កន្លែង(ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) លូប្រអប់ ១៥កន្លែង(ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ ការកំណត់ល្បឿន៨០គីឡូម៉ែត្រ/ម៉ោង (តំបន់ទំនាប ឬផ្លូវត្រង់) ៦០គីឡូម៉ែត្រ/ម៉ោង (តំបន់ខ្ពង់រាប ឬផ្លូវកោង) រយៈពេលសាងសង់ចំនួន៣២ខែ គ្រោងចាប់ផ្តើមសាង សង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨ ៣៩៨ ៧៤១,៥៣ ដុល្លារអាមេរិក ក្នុងនោះ៖ តម្លៃគម្រោងសាងសង់ចំនួន ៥៩ ១៤៦ ៧៤១,៥៣ ដុល្លារអាមេរិក តម្លៃសិក្សានិងត្រួតពិនិត្យ គម្រោងចំនួន៦ ០០០ ០០០ដុល្លារអាមេរិក ក្រោមមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ ថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣ ២៥២ ០០០ ដុល្លារអាមេរិកសម្រាប់ការងារដោះស្រាយផល ប៉ះពាល់ ដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ សាងសង់ដោយ ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL  Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។

ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅប្រទេសថៃ និងប្រទេសភូមា ត្រង់ក្រុងដាវ៉េ(Dawai)។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ប្រាក់កម្ចីដើម្បីស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ និងបានសំណូមពរឱ្យក្រុមហ៊ុនសាងសង់អនុវត្ត គម្រោងសាងសង់ផ្លូវនេះប្រកបដោយគុណភាពខ្ពស់ផងដែរ៕