ខេត្តព្រះសីហនុ កំពុងត្រៀមខ្លួនរៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២២

រដ្ឋាភិបាល បានសម្រេចជ្រើសយកខេត្តព្រះសីហនុ ធ្វើជាទីកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅឆ្នាំ២០២២(ASEAN Tourism Forum 2022)។នេះបើតាមដំណើរពិនិត្យទីតាំងត្រៀមរៀបចំវេទិកានេះនាខេត្តព្រះសីហនុកាលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា វេទិការនេះ នឹងត្រូវធ្វើឡើងក្នុងបរិវេណសណ្ឋាគារសុខា នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ ដើម្បីឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។

ឯកឧត្ដម ថោង ខុន បានបន្តថា លើកនេះមិនអាចធ្វើធំដូចមុនៗបានទេ ដោយសារបញ្ហាកូវីដនៅមាននៅឡើយ ដែលចាំបាច់ត្រូវជំរុញការអនុវត្តនូវវិធានសុវត្ថិភាព វិធានសុខាភិបាលឱ្យបានហ្មត់ចត់។

ឯកឧត្ដម ថោង ខុន ក៏បានបញ្ជាក់ថា មូលហេតុជ្រើសយកខេត្តព្រះសីហនុ រៀបចំវេទិកានេះ ព្រោះរដ្ឋាភិបាល បានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅក្រុងព្រះសីហនុ បានល្អប្រសើររួចរាល់ហើយ។ ម្យ៉ាងអាចរៀបចំជាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទៅកាន់គោលដៅទេសចរណ៍តាមកោះបាន ពិសេសក្រុងព្រះសីហនុ ក៏មានព្រលានយន្តហោះអន្តរជាតិ ដែលអាចនឹងមានការហោះហើរត្រង់ឡើងវិញបានផងដែរ៕