អតីតនិស្សិតផ្នែកកសិកម្មម្នាក់កាក់កបនឹងមុខរបរចិញ្ចឹមឃ្មុំ បានលឺពីចំណូលញាក់សាច់

ខេត្ត​ត្បូងឃ្មុំ: អតីត​និស្សិត​នៅ​សាលាជាតិកសិកម្មព្រែកលៀប ជំនាញ​ខាង​ជំនាញវិទ្យាសាស្រ្តព្រៃឈើ ម្នាក់​បាន​បែកគំនិត​ងាក​ទៅ​ចាប់​មុខរបរ​ចិញ្ចឹម​ឃ្មុំ​វិញ បន្ទាប់ពី​បញ្ចប់​ការសិក្សា​កាលពី​ឆ្នាំ២០១៦ ដោយ​អះអាងថា ចំណូល​ពី​ការចិញ្ចឹម​ឃ្មុំ​ជាង ១០ម៉ឺន​ដុល្លារ​អាមេរិក គឺ​លើសពី​ការរំពឹងទុក។

លោក សាត សូឡី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ ស្ថិតនៅក្នុង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងប្រាប់​បណ្ដ​ញ​សារព័ត៌មាន The Plus News នៅ​ថ្ងៃទី ០១កុម្ភៈ​នេះ​ថា ដោយ​ការស្រលាញ់​វិស័យ​កសិកម្ម​នេះ លោក​បានសម្រេច​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​កសិកម្ម​រយៈពេល ៤ឆ្នាំ ក្រោយពី​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ ២០១៦ បាន​មានគំនិត​ចង់​បើក​អាជីវកម្ម​មួយ ដែល​កើតចេញពី​ការចិញ្ចឹម​សត្វ ប៉ុន្ដែ​ខណៈនោះ​លោក​មិនទាន់​ដឹងថា​ត្រូវ​ចិញ្ចឹមសត្វ​អ្វី​ទេ ព្រោះ​បើ​ចិញ្ចឹម​គោ ក្របី ឬ​សត្វ​ជ្រូក​ត្រូវការ​ដើមទុន​ច្រើនពេក ហើយ​លោក​មិនមាន​លទ្ធិភាព​បង្កើត​វា​ទេ។

លោក​បន្ត​ខណៈ​នៅ​ចុងឆ្នាំ ២០១៦ ឱ​ពុក​មា​របស់លោក​រស់នៅ​សហរដ្ឋអាមេរិក​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​នៅ​ទីនោះ ក៏បាន​ណែនាំ និង​បង្រៀន​ពី​វិធីសាស្ត្រ​ចិញ្ចឹម​ឃ្មុំ​នេះ ក្រោយមក​លោក​ចាប់ផ្ដើម​អាជីវកម្ម​ខ្លួនឯង​ដោយ​ប្រើប្រាស់​ទុន​ប្រមាណ​ជិត ១ពាន់​ដុល្លារ។

លោក​បញ្ជាក់ថា៖«កាលពី​ខ្ញុំ​ចាប់ផ្ដើម​ដំបូង គឺមាន​លក្ខណៈ​ពិបាក​ដែរ ប៉ុន្ដែ​យ៉ាងណា ខ្ញុំ​បានដាក់​ចិត្ត​ដាក់​កាយ​ថា ត្រូវតែ​ធ្វើ​វា​ឲ្យ​បាន ក្រោយមក​ខ្ញុំ​បាន​សួរនាំ​ពូ​ខ្ញុំ​បន្ថែមទៀត ហើយនឹង​ស្រាវជ្រាវ​ពី​បច្ចេកទេស​ពី​បរទេស​បន្ថែមទៀត រហូតដល់​ពាក់កណ្ដាល​ឆ្នាំ ២០១៧នេះ ទើប​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង»។

លោក​បន្ថែមថា បច្ចុប្បន្ននេះ ក្រៅពី​ចិញ្ចឹម​ឃ្មុំ​នៅ​កសិដ្ឋាន​ផ្ទាល់ខ្លួន​នេះ លោក​បាន​បើក​កម្មវិធី​បណ្ដុះបណ្ដាល​កសិករ​ទាំងឡាយណា​ដែលមាន​ចំណូលចិត្ត​ផ្នែក​ការចិញ្ចឹម​ឃ្មុំ​នេះ ព្រោះ​គេ​ឃើញ​ទីផ្សារ​ទឹកឃ្មុំ​កំពុង​រីកចំរើន​ខ្លាំង ហើយ​លោក​មាន​គម្រោង​នាំ​ទឹកឃ្មុំ​ចេញទៅ​ក្រៅប្រទេស។

ថ្វិ​ត្បិដ​ថា របរ​នេះ​អាច​ផ្តល់​ចំណូល​ច្រើនក្តី អាជីវករ​រូបនេះ​បាន​បង្ហើប​ថា ការបង្កើត​របរ​ថ្មី​មួយ​មិនមែន​ងាយស្រួល​ឡើយ តួយ៉ាង​ដូចជា​របរ​ចិញ្ចឹម​ឃ្មុំ​នេះ​តែម្តង ខណៈ​របរ​ចិញ្ចឹម​ឃ្មុំ​នៅ​ស្រុក​ខ្មែរ​ធ្លាប់មាន​អ្នក​បរាជ័យ​ជាច្រើន​នាក់​មកហើយ។ កត្តា​បរាជ័យ​លោក​កត់សម្គាល់​ឃើញថា ដោយសារតែ​មូលហេតុធំ២គឺ ទី១កត្តា​តំបន់ ដែល​ខ្វះខាត​ផ្កា​រុក្ខជាតិ​ដែលជា​ចំណី​ចាំបាច់​សម្រាប់​ផលិត​ទឹកឃ្មុំ និង​ខ្វះខាត​បច្ចេកទេស ដែល​ធ្វើអោយ​អ្នក​ចិញ្ចឹម​ពុំ​អាច​ទទួលផល​ពី​ឃ្មុំ​ឡើយ។

គួរ​ជម្រាប​ថា កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​របស់លោក សាត សូឡី ស្ថិតនៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បើសិន​លោកអ្នក​ចាប់អារម្មណ៍​ពី​បច្ចេកទេស ​និង​រៀន​ពី​របៀប​ចិញ្ចឹម​ឃ្មុំ​នេះ​អាច​ទំនាក់ទំនង​សាកសួរ​បាន​តាមរយៈ​លេខ ០៧៦៧៣៣៣៣៦៧/០៨៨៧៣៣៣៣៣៥៕