ក្រសួង គ្រោងរៀបចំកម្មវិធីធំៗចំនួនប្រាំ ដើម្បីពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOWចំនួនប្រាំ ដើម្បីពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជា។នេះបើតាម កិច្ចប្រជុំប្រចាំសប្តាហ៍ រវាង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រោមឱវាទពាក់ព័ន្ធកាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

កិច្ចប្រជុំនោះ បានឲ្យដឹងថា យោងតាមតារាងកាលវិភាគសម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOWចំនួនប្រាំលើប្រធានបទដូចជា៖ ទី១. សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣ ទី២. ការងារលេខពិសេសផ្ទាល់ខ្លួន ៣. ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៤. ការងារបច្ចេកទេសផ្លូវថ្នល់ និង៥. ការងារវិស័យដឹកជញ្ជូនផ្លូវគោក។

ទាក់ទងនឹងការត្រៀមរៀបចំកម្មវិធី MPWT LIVE SHOW លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ កម្មវិធីនេះគឺជាការចែករំលែកព័ត៌មានទៅក្នុងសង្គម ជាកម្មវិធីដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធសួរសំណួរនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមជា មតិយោបល់ជាមួយថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធរបស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង នៅក្នុងបរិបទនៃការ ប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនថា៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-កូរ៉េ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕