ក្រសួង កំពុងបង្កើនការថែទាំផ្លូវថ្នល់ជាតិសំខាន់ៗជាច្រើនខ្សែរ ក្នុងភូមិសាស្រ្តខេត្តចំនួន៩

ផ្លូវថ្នល់ជាតិសំខាន់ៗជាច្រើនខ្សែ នៅតាមបណ្តាខេត្តចំនួន៩  ត្រូវបានបង្កើនការយកចិត្តទុកដាក់ថែទាំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការដឹកជញ្ជូនឆ្លងកាត់ និងជួយធ្វើឱ្យការប្រើប្រាស់បានយូរ។នេះបើតាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០២១នេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូនកាល បានឲ្យដឹងថា នៅថ្ងៃទី ២៣-២៦ ខែ សីហា ឆ្នាំ២០២១កន្លងទៅនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង តាកែវ  បន្ទាយមានជ័យ សៀមរាប រតនគីរី  កែប  ត្បូងឃ្មុំ ក្រចេះ និងខេត្តកោះកុង  បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យថែទាំគុណភាពផ្លូវថ្នល់ជាតិ លើកំណាត់ផ្លូវជាតិលេខ៥  លេខ៦  លេខ៨ លេខ៣៣ លេខ៤៨ លេខ៧៣ លេខ៥៦ លេខ៥៧  លេខ៦៧ លេខ៦៨  លេខ៧៣  លេខ៦៤ លេខ៧៨ លេខ៤៨-៥ លេខ៣៣A និងផ្លូវថ្នល់ជាច្រើនខ្សែផ្សេងទៀត ដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលផងដែរ។

យ៉ាងណាណា ក្រសួងសាធារណការ និងដឹកជញ្ជូនកាល ក៏បានស្នើថា ប្រសិនបើពលរដ្ឋជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមចូលរួមសហការ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ  (ROAD CARE Mobile App) ដេីម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង អាចប្រើប្រាស់បានយូរអង្វែង៕