អាជ្ញាធរ កំពុងសម្រុកការងារស្តារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ

ក្រោយជំនន់ទឹកភ្លៀង បានបណ្តាលឲ្យជនលិចក្នុងក្រុងព្រះសីហនុកាលពីពេលថ្មីៗនេះ បច្ចុប្បន្ន អាជ្ញាធរខេត្តបានកំពុងបង្កើនការយកចិត្តទុកដាក់ក្នុងការស្តារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុមួយចំនួនឡើងវិញ។

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១  លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងសិក្សាបន្ថែមនូវប្រព័ន្ធលំហូរទឹកដើម្បីរំដោះជំនន់ទឹកភ្លៀង នៅក្នុងព្រះសីហនុ។

ក្នុងឱកាសនោះ លោក អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការស្តារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ទៅតាមនិយាមកាប្លង់ប្រព័ន្ធសុរិយោដី ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សា និងកុំឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ។

ជាថ្មីម្តងទៀត លោកអភិបាលខេត្តរូបនេះ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្រុង អាជ្ញាធរខេត្ដ ដោយធ្វើការវេចខ្ចប់ទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ កុំបោះចោលសំរាមចូលក្នុងអូរប្រឡាយ ដែលធ្វើឱ្យមានការកកស្ទះលំហូរទឹក និងជាផ្នែកមួយដែលបង្កឱ្យមានការជន់លិចផងដែរ៕