អាជ្ញាធរ គ្រោងសាងសង់អាគាររដ្ឋបាលសាលាសង្កាត់ចំនួន២ទៀត ក្នុងក្រុងកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ កាលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានចុះពិនិត្យមើលទីតាំងថ្មីចំនួន២កន្លែង សម្រាប់ត្រៀមសាងសង់អាគាររដ្ឋបាលសាលាសង្កាត់កំពង់ចាម និងសាលាសង្កាត់វាលវង់ ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្រេចអនុញ្ញាតឱ្យយកទីតាំងទាំងពីរនេះ ដើម្បីសាងសង់អាគាររដ្ឋបាលសាលាសង្កាត់កំពង់ចាម និងសង្កាត់វាលវង់ នៅឆ្នាំ២០២២ ខាងមុខ។

គួរបញ្ចាក់ថា ដោយសារសាលាសង្កាត់ទាំងពីរកន្លែងខាងលើ បច្ចុប្បន្នពុំទាន់មានអាគាររដ្ឋបាលសមរម្យសម្រាប់បំពេញការងារនៅឡើយ។ រីឯទីធ្លា ក៏តូចចង្អៀត ទើបឯកឧត្តមអភិបាលខេត្ត សម្រេចឱ្យរកទីតាំងថ្មី ដើម្បីធ្វើការសាងសង់អគាររដ្ឋបាលសាលាសង្កាត់ទាំងពីរ ឲ្យស្របទៅតាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ ដោយត្រូវចំណាយលើគម្រោងថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២២៕