កម្ពុជា និងA​F​D​ ​ ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ​១​,​៥​លាន​អឺ​រ៉ូ ​អភិវឌ្ឍន៍វិស័យ​កៅស៊ូ​ធម្មជាតិ​នៅ​អាស៊ី​អាគ្នេយ៍​

​​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ (​A​F​D​) ​និង​អគ្គនាយកដ្ឋាន​កៅស៊ូ ​កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​១​,​៥​លាន​អឺ​រ៉ូ ​ដើម្បី​គាំទ្រ​ដល់​គម្រោង​ថ្នាក់​តំបន់​មួយ​ស្តីពី​ការ​ព្យាករ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ភាព​អាច​​​រក​បាន​នៃ​កម្លាំង​ពលកម្ម​លើ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​កៅស៊ូ​ធម្មជាតិ​នៅ​អាស៊ី​អាគ្នេយ៍​ ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ (​ថៃ​ ​ឥណ្ឌូ​នេ​ស៊ី​ ​វៀតណាម​ ​ម៉ាឡេស៊ី​ ​កម្ពុជា​ ​ភូមា​ ​ឡាវ​ ​និង​ហ្វ៊ី​លី​ពី​ន​) ​ផលិត​កៅស៊ូ​ធម្មជាតិ​៧​៣​%​ក្នុងចំណោម​កៅស៊ូ​ធម្មជាតិ​ទាំងអស់​នៅ​លើ​ពិភពលោក​។​ ​ហើយ​សម្រាប់​គម្រោង​នេះ​ ​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ដោយ​រួម​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កៅស៊ូ​ ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា​ ​ព្រមទាំង​នៅ​ប្រទេស​ថៃ​ ​និង​វៀតណាម​ផង​ដែរ​ ​។​

លោកស្រី​ ​អូ​ហ្វេ​លី​ ​បួ​រី​ស​ (O​p​h​e​lie​ B​OUR​HIS​) ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ប្រចាំ​កម្ពុជា​ ​បាន​លើកឡើង​ថា​៖​ ​«​យើង​មាន​ក្តី​សោមនស្ស​រីករាយ​ដែល​អាចប​ន្ត​ជួយ​គាំទ្រ​ដល់​វិ​ស័​យ​កៅស៊ូ​នៅ​កម្ពុជា​»​។​

​លោកស្រី​បាន​ពន្យល់​ថា​៖​«​គម្រោង​នេះ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បន្ត​ការ​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​វិ​ស័​យ​អន្តរាគមន៍​ជាយូរមកហើយ​ ​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​។​ ​ ​គម្រោង​នេះ​ផ្តល់​ឱកាស​ឱ្យ​យើង​បន្ត​កិច្ច​សហការ​ប្រកបដោយ​គុណភាព​ជាមួយ​មជ្ឈមណ្ឌល​ C​I​R​A​D​ ​ដែល​ជា​ដៃគូ​ដ៏​យូរលង់​ណាស់​មក​ហើយ​របស់​ទីភ្នាក់ងារ​ ​A​F​D​ ​នៅ​ក្នុង​គម្រោង​ផ្តល់​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​ដាំ​ដុះ​ដំណាំ​កៅស៊ូ​»​។​

​ជាមួយគ្នា​នេះ​ ​លោក​ ហ៊ឹ​ម​ ​អូន​ ​អគ្គនាយក​នៃ​អគ្គ​នាយដ្ឋាន​កៅស៊ូ​ ​បាន​ឱ្យ​ដឹង​ថា​ ​«​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ វិ​ស័​យ​កៅស៊ូ​នៅ​កម្ពុជា ​បាន​ចូល​រួមចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័​យ​សេដ្ឋកិច្ច​ ​និង​សង្គម​កម្ពុជា​ ​ក៏ដូចជា​លើកស្ទួយជីវភាព​អ្នក​ដាំដំណាំ​កៅស៊ូ​នៅ​តាម​ទី​ជនបទ​»​។​

​លោក​បាន​បញ្ជក់​ថា​៖​«​សមិទ្ធផល​ទាំងនេះ មាន​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​ ​A​F​D​ ​ជា​ដៃគូ​អភិវឌ្ឍ​តែមួយ​គត់​ដែល​បាន​គាំទ្រ​វិ​ស័យ​កៅស៊ូ​នៅ​កម្ពុជា​ក្នុង​អំឡុង​២​០​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​ក្នុងថ្ងៃនេះ​ ​អគ្គនាយកដ្ឋាន​កៅស៊ូ​មាន​សេចក្តីរីករាយ​ក្នុង​ការ​ចុះហត្ថលេខា​លើ​គម្រោង​ ​FOR​SEA​ ​និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ជាយូរមកហើយ​ជាមួយ​ទីភ្នាក់ងារ​ ​A​F​D​ ​និង​ C​I​R​A​D​ ​ដើម្បី​លើក​ក​ម្ពស់ច្រ​វ៉ា​ក់​ផលិតកម្ម​កៅស៊ូ​ប្រកបដោយ​ភាព​ធន់​ ​និង​ចីរភាព​នៅ​កម្ពុជា​»​ ​។​

​សូម​ជម្រាប​ថា​ ​ទីភ្នាក់ងារ​ ​A​F​D​ ​បាន​ចាប់ផ្តើម​សកម្មភាព​របស់​ខ្លួន​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​១​៩​៩​៣​។​ ​តាំងពី​ពេល​នោះ​មក​ ​ទីភ្នាក់ងារ​ ​A​F​D​ ​បាន​កៀរគរ​ហិរញ្ញប្បទាន​ចំនួនជា​ង​៨​០​០​លាន​អឺ​រ៉ូ ​ដែល​មាន​គោលដៅ​ក្នុង​ការចូលរួម​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​៕