៨ខែឆ្នាំនេះ៖ អង្គភាពពន្ធដារ ប្រមូលចំណូលពន្ធចូលជាតិបាន១,៩០៩លានដុល្លារ

រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ១,៩០៩លានដុល្លារអាមេរិក ដែលស្មើនឹងជាង៨៥ភាគរយនៃច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ហើយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ថយចុះ៨ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

ដោយឡែកសម្រាប់ការប្រមូលចំណូលពន្ធ ក្នុងខែសីហា ឆ្នាំ២០២១ ទទួលបានចំណូលយ៉ាងល្អប្រសើរចំនួន ១៩២លានដុល្លារអាមេរិក ចំនួននេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារចាត់ទុកថា ជាតួលេខលើសផែនការប្រចាំខែ ហើយថាជាធម្មតាខែសីហា គឺជាខែប្រមូលចំណូលពន្ធបានកម្រិតទាប។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានដោយចាត់ទុកការប្រមូលចំណូលនេះ ជាលទ្ធផលដ៏ល្អប្រសើរ និងជាជោគជ័យរួមរបស់អគ្គនាយកដ្ឋានពន្ធដារ បើទោះបីស្ថិតក្នុងដំណាក់កាលនៃការអូសបន្លាយ នៃការរាតត្បាតជំងឺកូវីដ១៩ ក្តី។

លោករដ្ឋមន្ត្រីប្រតិភូបានបន្ថែមថា ការដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកបដោយបុរសកម្ម និងបានឆ្លើយតបនឹងបញ្ហាប្រឈមការលំបាកនានា ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលប្រមូលចំណូល ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ សម្រេចបានរហូត ៨៥.១២% នៃច្បាប់ថវិកាឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ លោក គង់ វិបុល បានក្រើនរំលឹក និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំ សុខភាព និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានល្អ៕