កម្ពុជា និងអាស៊ានកំពុងពន្លឿនផែនការបើកទេសចរណ៍អន្តរជាតិឡើងវិញ

តាមវេទិកាទេសចរណ៍ពិភពលោក-ឥណ្ឌូណេស៊ី (Global Tourism Forum Indonesia– Leaders Summit Asia)កាលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា បណ្តាប្រទេសអាស៊ានរួមមាន៖ព្រុយណេ ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ និងវៀតណាម កំពុងពន្លឿនផែនការបើកទេសចរណ៍អន្តរជាតិឡើងវិញ ប្រកបដោយការទទួលខុសត្រូវ។

លោកទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ បានឲ្យដឹងថា កិច្ចពិភាក្សាមានជំហរ និងការយល់ឃើញរួមដូចជា៖ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងដើម្បីបើកទេសចរណ៍ តំបន់ឡើងវិញនាពេលខាងមុខ តាមរយៈការសម្របសម្រួលវិធានធ្វើដំណើរ ដោយយកផែនការស្តារវិស័យទេសចរណ៍អាស៊ាន និងគោលការណ៍ណែនាំ ស្តីពីអនាម័យ និងសុវត្ថិភាព (ដឹកនាំសម្របសម្រួលដោយកម្ពុជា) ជាមូលដ្ឋាននៃការបើកឡើងវិញដោយចាប់ផ្តើមពីទេសចរណ៍ផ្ទៃក្នុងអាស៊ាន។

លោករដ្ឋលេខាធិការប្រចាំការក៏បានចែករំលែកអំពីភាពជឿនលឿនទៅមុខនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ការអនុវត្តផែនទីចង្អុលផ្លូវលើការស្តារ និងលើកស្ទួយទេសសចរណ៍កម្ពុជា អំឡុងនិងក្រោយវិបត្តិកូវីដ-១៩ ការរៀបចំផែនការយុទ្ធសាស្ត្របើកទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ ការអនុវត្ត SOP ក្នុងវិស័យទេសចរណ៍នៅកម្ពុជាជាដើម។

នាឪកាសនោះ ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ក៏បានស្នើសុំឲ្យ World Tourism Forum Institute ដែលមាន លោក Taleb Rifai អតីតអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ជាអគ្គលេខាធិការ ធ្វើជាដៃគូគាំទ្រ និងជំរុញការបើកទេសចរណ៍អាស៊ានឡើងវិញ។

គួរបញ្ជាក់ថា Global Tourism Forum – Leaders Summit Asia នេះត្រូវបានបើកដោយអនុប្រធានាធិបតីឥណ្ឌូណេស៊ី មានវាគ្មិនសំខាន់ៗ ដូចជា៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស Jack Straw លោក Taleb Rifai អតីតអគ្គលេខាធិការ UNWTO និងតំណាងសហគមន៍អន្តរជាតិផ្សេងៗទៀត៕