រដ្ឋមន្ត្រីក្រសួងការងារ៖ ឆ្នាំក្រោយកម្ពុជា នឹងមានកំណើនពលករទៅធ្វើការនៅជប៉ុនទ្វេរមួយជាពីរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក​បណ្ឌិត អ៊ិត សំហេង នៅ​ថ្ងៃទី ០១ ខែ​កុ​ម្ហៈ​នេះ បាន​ថ្លែងថា ពលករ​ដែល​ធ្វើការ​នៅ​ជប៉ុន គឺមាន​ចំនួន​សរុប​ជាង ៩ពាន់​នាក់ ហើយ​ស​ង្ឈឹ​ម​ថា នៅ​ឆ្នាំក្រោយ​នឹងមាន​ការ​កើន​ចំនួន​ឡើង​ទ្វេរ​មួយ​ជា​ពីរ។

ការលើកឡើង​នេះ ក្នុងជំនួប​រវាង​លោក និង​លោក Fumio Yamada ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ដើម្បី​បង្កើន​ទីផ្សារការងារ និង​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា នៅ​ទីស្តីការក្រសួង។

លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា ក្នុង​ខែ​មិនា ក្នុង២០១៩នេះ កម្ពុជា​នឹងត្រូវ​ចុះហត្ថលេខា​ជាមួយនឹង​ភាគី​ជប៉ុន នៅឯ​ប្រទេស​ជប៉ុន លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ស្តីពី​ពលករ​ជំនាញ។ លោក​ថា៖«ពលករ​ដែល​ធ្វើការ​នៅ​ជប៉ុន គឺមាន​ចំនួន​ជាង ៩ពាន់​នាក់ ស​ង្ឈឹ​ម​ថា នៅ​ឆ្នាំក្រោយ​នឹងមាន​ការ​កើន​ចំនួន​ឡើង​ទ្វេរ​មួយ​ជា​ពីរ។ ដូច្នេះ​ពលករ​ក៏​ត្រូវការ​ពេលវេលា​ក្នុងការ​បណ្តុះបណ្តាល​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​បំពេញ​កិច្ចការងារ​របស់​ពួកគេ​រឹតតែ​ល្អប្រសើរ​ថែមទៀត»។

ក្នុងនោះ លោក​បន្តថា បច្ចុប្បន្ន​វិស័យ​សំណង់​របស់​កម្ពុជា កំពុងមាន​ការរីកចម្រើន​ជាខ្លាំង ក្នុងនោះ​មាន​ក្រុមហ៊ុន​សំណង់​របស់​ជប៉ុន​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់​នេះ។ លោក​ថា៖«សំណង់​មិនអាច​ប្រហែស​បានទេ ប៉ះពាល់​ដល់​អាយុជីវិត​របស់​មនុស្ស បើ​បច្ចេកទេស​មិនល្អ​គឺមាន​ហានិភ័យ​ដល់​ជីវិត​របស់​មនុស្ស ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​រៀបចំ​ដំណើរការ​សាងសង់​អោយ​ទៅតាម​បទដ្ឋាន​ស្តង់ដា​សំណង់»។

ចំណែក លោក Fumio Yamada បាន​ថ្លែងថា បច្ចុប្បន្ន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​នឹង​កំពុង​សហការ ជាមួយ​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ជប៉ុន ដើម្បី​ពិនិត្យ និង​រៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយគ្នា ក្នុង​គោលបំណង​ដើម្បី​បង្កើន​ទីផ្សារការងារ និង​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា។

ដោយ​ជប៉ុន បានចាប់ផ្តើម​រៀបចំ​បង្កើតឱ្យមាន​គម្រោង​ថ្មី សម្រាប់​បង្កើន​លំហូរ​នៃ​កម្លាំង​ពលកម្ម​ពី​ប្រទេសផ្សេងៗ និង​សម្រាប់​អនុវត្ត​នៅ​អំឡុង​ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​ជប៉ុន៕