ADB ផ្ដល់ទឹកប្រាក់ ៣៨០ លានដុល្លារ ជួយដល់គម្រោងធំៗពីររបស់កម្ពុជា

ភ្នំពេញ៖ តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំ​កម្ពុជា​បាន​លើកឡើងថា គម្រោង​សំខាន់​ចំនួន​ពីរ​គឺ គម្រោង​ធ្វើឱ្យ​ប្រសើរ​ធារាសាស្ត្រ​កសិកម្ម និង​គម្រោង​បរិ​ធាន​ហិរញ្ញ​ទាន​ច្រើនយ៉ាង​ស្តីពី​ធារា​សាស្ត្រ និង​ការគ្រប់គ្រង​ធនធានទឹក ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៣៨០ លាន​ដុល្លារ នឹង​ត្រូវ​បាន​អនុវត្តន៍ឆាប់ៗក្នុង​ឆ្នាំ ២០១៩ នេះ សម្រាប់​ជួយ​ដល់​កម្ពុជា។

ការបង្ហាញ​នេះ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​លោកស្រី Sunniya Durrani-Jamal ប្រធាន​ស្ថាន​តំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​ទីស្តីការក្រសួង។

តាម​ការចេញ​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បង្ហាញថា លោកស្រី Sunniya Durrani-Jamal បាន​បញ្ជាក់ថា ការបន្ត​ជួយ​សម្រាប់​វិស័យ​ធនធានទឹក ដើម្បី​បន្ត​រួមចំណែក​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ចកម្ពុជា នៅតែ​ជា​របៀបវារៈ​សំខាន់ និង​ជា​អាទិភាព​របស់ ADB ដែល​កិច្ចការ​នេះ នឹង​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស លើ​សន្តិសុខ​ទឹក ការធ្វើឱ្យ ប្រសើរ​នូវ​ប្រសិទ្ធភាព​ផ្នែក​ធារាសាស្ត្រ ការគ្រប់គ្រង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​សម្រាប់​អាង​ទន្លេ និង​ការពង្រឹង​ស្ថាប័ន​ជាដើម។

លោកស្រី​បានចាត់ទុក​ការរៀបចំ និង​ការអនុវត្ត​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​សម្រាប់​ប្រទេស កម្ពុជា២០១៩-២០២៣ ដើម្បី​បន្ត​រួមចំណែក​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​រក្សា និង​ជំរុញ​កំណើន និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ឱ្យមាន​សន្ទុះ​ទៅមុខ​ជានិច្ច។

លោកស្រី​ថា ADB កន្លងមក ក៏ដូចជា​ពេលបច្ចុប្បន្ន និង​ការងារ​ជា​អាទិភាព ក៏ដូចជា​កិច្ចសហប្រតិបត្តិការ ដែល​ត្រូវ​រួមគ្នា​បន្ត​យកចិត្តទុកដាក់​អនុវត្តន៍​ឱ្យបាន​កាន់តែ​សកម្ម និង​មាន​ប្រសិទ្ធភាព​ថែមទៀត សំដៅ​រួមចំណែក​ជំរុញ​កំណើន និង​ការរីកចម្រើន​ប្រកប​ដាយ​និរន្តរភាព​នៃ​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត។

លោក លឹម គានហោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​ប្រកបដោយ​ប្រសិទ្ធភាព​របស់ ADB ដល់​ការអភិវឌ្ឍ និង​ការរីកលូតលាស់​សេដ្ឋកិច្ច សង្គម​នៃ​កម្ពុជា រហូតមកដល់​ពេលនេះ។ លោក​ថា សម្រាប់​វិស័យ​ធនធានទឹក និង​ឧតុនិយម ADB បានរួម​ចំណែក​ជួយ​លើ​ការពង្រឹង និង​អភិវឌ្ឍ​ស្ថាប័ន ការកសាង​សមត្ថភាព ការរៀបចំ​គោលនយោបាយ និង​បទដ្ឋាន​គតិយុត្តិ ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានទឹក ដូចជា​ផ្នែក​ធារាសាស្ត្រ​ជាដើម។

លោក​រដ្ឋមន្ត្រី​បានលើកឡើង​អំពី​ស្ថានភាព​អាកាសធាតុ​ដែល​ប្រទេស​កម្ពុជា​ជួបប្រទះ​សម្រាប់​រដូវប្រាំង​នេះ និង​បានបង្ហាញ​អំពី​វិធាន​ការដែល​ត្រូវ​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព​នូវ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក៕