ឯកជនបោះទុនជាង៥លានដុល្លារ បង្កើតសហគ្រាសផលិតកែវក្រដាស បំពង់បឺត ឆ្នៃពីកសិផលកសិកម្មខ្មែរ

សហគ្រាស ផលិតកែវក្រដាស និងបំពង់បឺត តម្លៃជាង៥លានដុល្លារអាមេរិក ដែលស្ថិតនៅលើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានប្រកាសដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

នាឪកាសនោះ លោកជំទាវ ទិត សុខុម ស្ថាបនិកសហគ្រាស TK & D បានឱ្យដឹងថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាព អនាម័យ និងបរិស្ថាន និងដោយមានទឹកចិត្តស្រលាញ់ជាតិផងនោះ ទើបបង្កើតសហគ្រាសនេះឡើង ដើម្បីការពារបរិស្ថាន និងសេដ្ឋកិច្ចកម្ពុជា។

លោកជំទាវបន្ថែមថា សហគ្រាស TK & D នឹងធ្វើការផលិតកែវក្រដាស និងបំពង់បឺត ធ្វើពីម្សៅអង្ករ ម្សៅពោត និងម្សៅដំឡូង ដែលអាចពិសាបាន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយមិនប្រើសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិក បង្កើតភាពបៃតងនៅកម្ពុជា។

លោកជំទាវបានបញ្ជាក់បន្ថែមដែរថា សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតនេះ ក្រោមទុនវិនិយោគប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិកនេះ  សាងសង់ឡើងនៅលើផ្ទៃដីប្រមាណជាង២ហិកតា ដែលស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។សហគ្រាស  អាចបំពេញតម្រូវការទីផ្សារពលកម្ម ជូន ប្រជាពលរដ្ឋកម្ពុជា បានប្រមាណជាង១០០នាក់ឯណោះ៕

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បង្ហាញការគាំទ្រ ចំពោះការវិនិយោគនេះ និងសូមស្នើដល់សហគ្រាស ឱ្យទទួលទិញផលិតផលដើមពីកសិករក្នុងខេត្តធ្វើការដាំដុះ និងប្រមូលផលបាន សម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការផលិត៕