ចំណតផែកុងតឺន័រ LM១៧ជំហានទី៣ របស់កំពង់ផែស្វយ័តភ្នំពេញ ដាក់ឱ្យដំណើរការហើយ

ហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែស្វយ័តភ្នំពេញ   បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែស្វយ័តភ្នំពេញ ឋិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ នៅឆ្នាំ២០១១កំពង់ផែបានសម្រេចធ្វើការវិនិយោគលើការពង្រីកចំណតផែកុងតឺន័រ LM១៧  ឋិតនៅលើផ្ទៃដីទំហំ១០ ហិកតា មានសមត្ថភាពផ្ទុកកុងតឺន័រ បាន ១៥០ 000 TEUs ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគ ដែលបានមកពីកម្ចីឥណទានរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងទឹកប្រាក់ប្រមាណ២៨ ៩០០ ០០០ ដុល្លារអាមេរិក ដោយពុំទាន់ រាប់បញ្ចូលគ្រឿងចក្រលើកដាក់ទំនិញ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់។

ដោយឡែកកំណើនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញគិតជាមធ្យមប្រចាំឆ្នាំមានចន្លោះពី១៥% ទៅ ១៨% ក្នុងនោះ៖ ឆ្នាំ២០១៩បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ២៨១ ០៤៣ TEUs និងឆ្នាំ២០២០ មានចំនួន២៩០ ៨៥៧ TEUs ទោះបីជាមានវិបត្តិដែលកើតឡើងដោយជំងឺកូវីដ-១៩ក៏ដោយ ដែលបរិមាណនេះបានឈានជិតដល់សមត្ថភាពផ្ទុកកុងតឺន័រសរុបនៃចំណតផែកុងតឺន័រ LM១៧ ជំហានទី១ និងទី២ ដែលនាំឱ្យមានតម្រូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៃចំណតផែកុងតឺន័រ LM១៧ ដូច្នេះហើយទើបនៅចុងឆ្នាំឆ្នាំ២០១៩ កំពង់ផែស្វយ័តភ្នំពេញបានអនុវត្តគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រLM១៧ ជំហានទី៣ ដំណាក់កាលទី១នេះ។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាងថា ការបង្កើតផែរណប១០០% និងបានជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញសហការជាមួយផ្នែកឯកជនក្នុងការបង្កើតផែរណបថែមទៀតឱ្យបានច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក ដោយហេតុថាយើងមានតែកំពង់ផែស្វយ័តតែមួយ នៅភ្នំពេញមិនអាចដឹកទំនិញកសិផលនៅទូទាំងប្រទេសមកកំពង់ផែស្វយ័តភ្នំពេញបានទេ៕