ខេត្តព្រះសីហនុ បន្តទទួលបានគម្រោងបង្កើតរោងចក្រថ្មីតម្លៃរហូតជាង១៥លានដុល្លារអាមេរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ១៥,១លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មីចំនួន៣កន្លែង នៅទឹកដីខេត្តព្រះសីហនុ។

យោងតាមប្រកាសរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលបានការអនុម័ត៣កន្លែង គឺ៖

១- ក្រុមហ៊ុន“MOUNTAIN FOREST PRODUCT CO., LTD.” គម្រោងបង្កើតរោងចក្រផលិតក្តាបន្ទះ ក្តាប៉ាកេ គ្រឿងសង្ហារឹម គ្រឿងបង្គុំគ្រឿងសង្ហារឹម សម្ភារៈតុបតែងពីបន្ទះឈើ និងដុំកម្ទេចឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង។

២-ក្រុមហ៊ុន “KINGMALL INDUSTRIAL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទ្វា បង្អួច និង ផលិតផលធ្វើអំពីអាលុយមីញ៉ូម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។

៣- ក្រុមហ៊ុន“CAMBODIAN BIRCHEVER FURNITURE CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩០កន្លែង៕