Panasonic ជប៉ុន កាត់បន្ថយបុគ្គលិកជាង 1 ពាន់នាក់ក្នុងខែនេះ

ជប៉ុន៖ តាមរយៈសេចក្ដីរាយការណ៍ពីសារព័ត៌មាន Nikkie បានឱ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា ក្រុមហ៊ុនផលិតបរិក្ខារអេឡិចត្រូនិច Panasonic របស់ជប៉ុននឹងកាត់បន្ថយបុគ្គលិកជាង 1 ពាន់នាក់នៅចុងខែនេះក្នុងកម្មវិធីចូលនិវត្តន៍មុនកំណត់ ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនដ៏ធំ។

ព័ត៌មានស្ដីពីការកាត់បន្ថយបុគ្គលិកនេះត្រូវបានធ្វើឡើងបន្ទាប់ពីរបាយការណ៍ការលក់របស់ក្រុមហ៊ុនបានធ្លាក់ចុះខ្លាំង គឺក្រោម 63 ពាន់លានដុល្លារអាមេរិកលើកដំបូងបំផុតក្នុងរយៈពេល 25 ឆ្នាំនេះ។ កម្មវិធីជម្រុះអ្នកចូលនិវត្តនេះគឺនឹងត្រូវប៉ះពាល់ដល់បុគ្គលិកដែលបានធ្វើការឱ្យ Panasonic អស់ជាង 10 ឆ្នាំ ដែលកម្មវិធីនេះនឹងត្រូវអនុវត្តខណៈក្រុមហ៊ុននឹងរៀបចំរចនាសម្ព័ន្ធថ្មីនៅថ្ងៃទី​1 ខែតុលាខាងមុខនេះ និងដើម្បីត្រៀមខ្លួនក្លាយជាសម្ព័ន្ធក្រុមហ៊ុននៅឆ្នាំក្រោយ។ គម្រោងនៃការកាត់បន្ថយបុគ្គលិកនេះ គឺមានបរិមាណតិចជាងកាលពីឆ្នាំ 2009 និង 2013 ដែលបានកាត់បន្ថយបុគ្គលិកដល់ទៅ 15000 នាក់ និង 5000 នាក់នោះ ហើយការកាត់បន្ថយបុគ្គលិកនេះ គឺប្រមាណជា 1% នៃចំនួនបុគ្គលិកសរុបរបស់ Panasonic នៅជប៉ុនតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ការធ្លាក់ចុះនៃការលក់ផលិតផលរបស់ Panasonic គឺដោយសារវិបត្តិវីរុសកូវីដ 19 នៅបន្តរ៉ាំរ៉ៃជិតពីរឆ្នាំមកនេះ៕

ប្រភព៖ Breaking the News