បារាំង​សន្យា​ជួយ​អភិវឌ្ឍ​វិស័យ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន

ភ្នំពេញ: ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ នៅ​ថ្ងៃទី ០៤ កុម្ភៈ​នេះ​បាន​អះអាងថា រដ្ឋាភិបាល​បារាំង​នឹង​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​បន្ថែមទៀត ជាពិសេស​ដល់​វិស័យ​កៅស៊ូ​គ្រួសារ​ឱ្យ​កាន់​តែ​​មានការ​រីកចម្រើន​សមស្រប​តាម​និន្នាការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច កំណើនប្រជាជន និង​ការប្រកួតប្រជែង​ទីផ្សារ។

ការលើកឡើង​នេះ ក្នុងអំឡុងពេល​ជំនួប​រវាង​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ពិភាក្សា​ការងារ​អំពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស រួមទាំង​ប្រធានបទផ្សេងៗទៀត នៅ​ទីស្ដីការ​ក្រសួងកសិកម្ម។

លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ បាន​លើកឡើងថា រដ្ឋាភិបាល​បារាំង​នឹង​ខិតខំ​ផ្តល់​កិច្ចសហការ​បន្ថែមទៀត​ជាមួយ​ក្រ​សួង​កសិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើយ៉ាងណា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ស​ម​ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា។

លោកស្រី​បន្តថា ភាគី​ទាំងពីរ​ក៏បាន​លើកយក​ប្រធានបទសំខាន់ៗមក​ពិភាក្សា​ផងដែរ​ជាអាទិ៍​ទី១-ការអភិវឌ្ឍ​វិស័យ​កៅ​ស៊ូ​​គ្រួសារ ទី២-ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​គាំទ្រ​ដល់​វិស័យ​ស្រូវ អង្ក​កម្ពុជា ទី៣-ការលើកកម្ពស់​ផលិត​ភាព​​ផលិតកម្ម​កសិកម្ម ការកែច្នៃ ការ​វេច​ខ្ចប់ ការធានា​គុណភាព សុវត្ថិភាព អនាម័យ និង​ភូតគាម​អនាម័យ (SPS) ឆ្លើយតប​តាម​និយាម​ក្នុង​តំបន់ និង​នៅលើ​ពិភពលោក និង​ទី៤-ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ដី​កសិកម្ម​ឱ្យមាន​និរន្តរភាព និង​ទី៥. វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ជ្រូក​អា​ហ្វិ​ច (African Swine Fever)។

ចំណែក​លោក វេ​ង សាខុន បានលើកឡើង​ផងដែរ​ថា អរគុណ​ចំពោះ​រដ្ឋាភិបាល​បារាំង ដែល​កន្លងមក​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ជារួម និង​ដោយឡែក​ការអភិវឌ្ឍ​វិស័យ​កសិកម្ម។ ជំនួយ​ឧបត្ថម្ភ​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​របស់​រដ្ឋាភិបាល​បារាំង​បាន​ចូលរួមចំណែក​ធ្វើឱ្យ​វិស័យ​កសិកម្ម​មានការ​រីក​ចម្រើន គួរឱ្យ​មោទនភាព។

លោក​រដ្ឋមន្ត្រី​សង្ឃឹមថា រដ្ឋាភិបាល​បារាំង​នឹង​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​បន្ថែមទៀត ជាពិសេស​ដល់​វិស័យ​កៅស៊ូ​គ្រួសារ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​សមស្រប​តាម​និន្នាការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច កំណើនប្រជាជន និង​ការ​ប្រកួត​ប្រ​ជែ​ង​​ទីផ្សារ៕