អាជ្ញាធរ ពង្រឹងវិធានការសុវត្ថិភាពនិងនីតិវិធី(SOP)ដើម្បីបើកអាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយវិធានការសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុឡើងវិញ។នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាស្នាក់នៅទេសចរណ៍ មានប្រសាសន៍បើកកិច្ចប្រជុំផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ជូនចំពោះអាជ្ញាធរ និងប្រតិបត្តិករណ៍ទេសចរណ៍ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍អាចដំណើរការបាន។

លោកថា ចំនុចនេះ ចាំបាច់ត្រូវមានគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា និងវិធានសុវត្ថិភាពទេសចរណ៍ ក៏ដូចជាវិធានសុវត្ថិភាពសុខាភិបាលត្រឹមត្រូវសមស្រប ដើម្បីធ្វើការអប់រំ និងបណ្ដុះបណ្ដាលឱ្យបានទូលំទូលាយដោយមានការចូលរួមអនុវត្តឱ្យបានត្រឹមត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសវិស័យឯកជន និងប្រជាពលរដ្ឋផ្ទាល់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន ៣.ការពារ ៣.កុំ ។

ការផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិការស្តង់ដារអប្បរមា (SOP) ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ចំណេះដឹងមូលដ្ឋានដល់មន្ត្រី និងវិស័យឯកជននៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមជម្រុញវិស័យទេសចរណ៍ប្រកបដោយគុណភាព និងសុវត្ថិភាព ជាពិសេសត្រៀមឆ្ពោះទៅបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅចុងឆ្នាំ ២០២១ និងត្រៀមទទួលភ្ញៀវនៅក្នុងវេទិកាទេសចរណ៍អាស៊ាននាពេលខាងមុខ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា រដ្ឋាភិបាល ខេត្តព្រះសីហនុ ត្រូវបានកំណត់តំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០-២០២៥ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ផ្អែកលើសកម្មភាពដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិ។ នៅពេលខាងមុខរាជរដ្ឋាភិបាលគ្រោងនឹងបើកទេសចរក្នុងស្រុក និងឈានទៅបើកទេសចរអាស៊ាន និងទេសចរអឺរ៉ុបឡើងវិញផងដែរ។ លោក ក៏បានស្នើប្រតិបត្តិករទេសចរណ៍នានា រៀបចំកែលម្អអនាម័យ បរិស្ថាន ពិសេសការអនុវត្តស្តង់ដារ (SOP) ដើម្បីត្រៀមបើកទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ៕