ភ្នំពេញ និងកំពង់ស្ពឺ បន្តទទួលបានគម្រោងវិនិយោគរោងចក្រថ្មី តម្លៃរហូតជាង៣៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគរហូត ៣៣,១ ​លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន២កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ២ រួមមាន៖

គម្រោងវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន  XIN XINGLE LEATHER PRODUCTS CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក។

ដោយឡែក គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA) CO., LTD. ដែលបានដាក់ពាក្យស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិត និងផ្គុំតម្លើងងបន្ទះសូឡា និងគ្រឿងបង្គុំ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ, រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៣០លានដុល្លារអាមេរិក។

គម្រោងវិនិយោគរោងចក្រថ្មីទាំង៣កន្លែងនេះ នឹងជួយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា រហូតដល់ ១១១៨ កន្លែង ៕