កម្ពុជា បង្កើតក្រុមការងារសម្របសម្រួលការអនុវត្តគម្រោងផ្នែកទេសចរណ៍

ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារសម្របសម្រួល «ការអនុវត្តគម្រោងផ្នែកទេសចរណ៍របស់ដៃគូអភិវឌ្ឍ» ដើម្បីកៀរគរស្វែងរកដៃគូចូលរួមស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា សម្របសម្រួល និងវាយតម្លៃការអនុវត្តគម្រោងផ្នែកទេសចរណ៍របស់ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានានៅកម្ពុជា។

នៅក្នុងសេចក្ដីសម្រេចបានបញ្ជាក់ថា ក្រុមការងារនេះដឹកនាំដោយរដ្ឋលេខាធិការក្រសួងទេសចរណ៍ ១រូប និងមានលេខាធិការ ១រូប ជាប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយទទួលអនុវត្តតួនាទី និងភារកិច្ចដូចខាងក្រោម៖

– ស្វែងរកដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍ជាអាទិភាពរបស់ក្រសួងទេសចរណ៍ និងការអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍តាមបណ្តាខេត្ត និងប៉ូលទេសចរណ៍សំខាន់ៗ។

– សម្របសម្រួលការសិក្សាស្រាវជ្រាវ ផ្តល់ព័ត៌មាន និងទិន្នន័យដល់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា ដើម្បីធ្វើការសិក្សាគម្រោងអភិវឌ្ឍន៍ទេសចរណ៍នានា។

-ធ្វើការរៀបចំបញ្ជីគម្រោងអាទិភាពរបស់នាយកដ្ឋានជំនាញចំណុះឲ្យក្រសួងទេសចរណ៍។

-ធ្វើការជាមួយដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា ដើម្បីសម្របសម្រួល និងតម្រង់ទិស ការអនុវត្តគម្រោងនានាក្នុងវិស័យទេសចរណ៍។

– ធ្វើការវាយតម្លៃសមិទ្ធកម្មលើលទ្ធផលចម្បងនៃការអនុវត្តគម្រោងនានាក្នុងវិស័យទេសចរណ៍។

-រៀបចំសិក្ខាសាលាប្រចាំឆ្នាំ ដើម្បីផ្សព្វផ្សាយលទ្ធផលដែលទទួលបានពីការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា និងបង្ហាញពីបញ្ជីគម្រោងអាទិភាពរបស់នាយកដ្ឋាននានាចំណុះឲ្យក្រសួងទេសចរណ៍ ដើម្បីកៀរគរការគាំទ្របន្ថែម។

– រៀបចំរបាយការណ៍លទ្ធផលនៃការអនុវត្តគម្រោងនានាក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ ដើម្បីរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍ក៏បានលើកទឹកចិត្តឲ្យដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានាដែលកំពុង ឬរៀបចំផែនការអនុវត្តគម្រោង ធ្វើការជាមួយលេខាធិការដ្ឋាន ដើម្បីតម្រង់ទិសការអនុវត្តគម្រោងឲ្យស្របតាមគោលនយោបាយវិស័យទេសចរណ៍ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ និងផែនការស្តាវិស័យទេសចរណ៍ឡើងវិញអំឡុង និងក្រោយវិបត្តិ៕