ត្រឹមតែ១សប្តាហ៍ កំឡុងបុណ្យភ្ជុំបិណ្ឌ មានអ្នកដើរកម្សាន្តរហូតជាង៩០ម៉ឺននាក់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានដឹងថា សរុបរយៈពេលពេញមួយសប្តាហ៍ (បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ) ភ្ញៀវសរុបមានចំនួន ៩១១,១៤៧នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។

ដោយឡែកសម្រាប់ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន ២៤៦,៤៥០នាក់ (កើនឡើងប្រមាណ១១០,៩៦% ធៀបនឹងចុងសប្តាហ៍កន្លងមក) ក្នុងនោះមានភ្ញៀវជាតិ ២៤៤,២២៥នាក់ និងមានភ្ញៀវបរទេសផ្ទៃក្នុង២,២២៥នាក់។

គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេលពេញមួយសប្តាហ៍នេះ រួមមាន៖* ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តកំពង់កំពង់ស្ពឺ ខេត្តសៀមរាប។

លោក ថោង ខុន បានគូសបញ្ជាក់ថា ជាការកត់សម្គាល់រួមមាន៖ ចំនួនភ្ញៀវទេសចរជាង ៩០ម៉ឺននាក់ ក្នុងរយៈពេលមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

លំហូរភ្ញៀវទេសចរពេញមួយសប្តាហ៍នេះ បង្កើតបានជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានា បានប្រមើលមើលពីកាលានុវត្តភាពនៃវិស័យទេសចរណ៍ និងបានកំពុងត្រៀមខ្លួន ក៏ដូចជាកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។

លោកអះអាងថា ការងារបន្តក្រសួងទេសចរណ៍នឹងបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ដើម្បីជម្រុញចលនាទេសចរណ៍ឱ្យកាន់តែសកម្ម និងត្រៀមក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ៕