កម្ពុជា ស្នើADB ជួយដោះស្រាយបញ្ហារបាំងបច្ចេកទេសសម្រាប់ការនាំចេញ

រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានស្នើដល់ធនាគារអភិវឌ្ឍអាស៊ី(ADB) បន្តផ្តល់ការគាំទ្រនូវគម្រោងអភិវឌ្ឍក្នុងវិស័យកសិកម្មបន្ថែមទៀត  ជាពិសេសលើការដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងរបាំងបច្ចេកទេសសម្រាប់ការនាំចេញ។

ការស្នើនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក  វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយលោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា  ក្រោយបញ្ចប់បេសកកម្មអស់រយៈពេលបីឆ្នាំនៅកម្ពុជា។

នាឪកាសនោះ លោក  វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា  ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅតែចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច។

ជាមួយគ្នាននោះ លោករដ្ឋមន្រ្តី  បានបន្តថា កម្ពុជាកំពុងគិតគូរពីការជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចពីវិស័យកសិកម្ម។ ហេតុនេះ លោកបានស្នើដល់ធនាគារអភិវឌ្ឍអាស៊ី បន្តផ្តល់ការគាំទ្រនូវគម្រោងអភិវឌ្ឍក្នុងវិស័យកសិកម្មបន្ថែមទៀត  ជាពិសេសលើការដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងរបាំងបច្ចេកទេសសម្រាប់ការនាំចេញ ការគាំទ្រផ្នែកឥណទានដល់វិស័យឯកជនក្នុងការបោះទុនវិនិយោគបន្ថែមលើការវេចខ្ចប់ កែច្នៃ និងឃ្លាំងស្តុក និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់មន្រ្តីលើការស្រាវជ្រាវ និងអភិវឌ្ឍ ផ្នែកការពារដំណាំ និងគុណភាពផលិតផលកសិកម្ម។

ជាការឆ្លើយតប លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បាន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម។លោកស្រីបន្តថា  វិស័យកសិកម្មនៅកម្ពុជាមានសក្តានុពលជាច្រើន ដែលដៃគូអភិវឌ្ឍអាចបន្តផ្តល់ការគាំទ្របន្ថែម ជាពិសេសការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម  ការកែច្នៃផលិតផលកសិកម្ម  ដើម្បីបង្កើនតម្លៃបន្ថែម ដែលអាចជួយបង្កើនចំណូលបន្ថែមដល់កសិករ និងកំណើនសេដ្ឋកិច្ចផងដែរ៕