នៅដើមខែកុម្ភៈនេះរោងចក្រថ្មី ៤ ទៀតមានទុនជាង ៣០ លានដុល្លារត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃទី០៧ ខែកុម្ភៈ​នេះ បានអនុម័ត​ឲ្យ​រោងចក្រ៤ថ្មី​ទៀត បើក​ដំណើរការ​ជាមួយនឹង​ដើមទុន​វិនិយោគ​ជាង ៣៤.០៣លាន​ដុល្លារ​អាមេរិក ដោយ​នឹង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន១,៦៥៤កន្លែង​ផងដែរ។

តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook)របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃទី០៧ កុម្ភៈ​នេះ​បាន​ផ្សាយ​ថា ខ្លួន​បានសម្រេច​ចេញ «វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ» ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖ទី១-«FASHION HOUSEWARE (CAMBODIA) CO.,LTD»: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ក្នុងផ្ទះ គ្រឿង​តុបតែង​ក្នុង​ពិធីបុណ្យ​ណូអែល សម្ភារៈ​សម្រាប់​ម៉ាស៊ីនដេរ និង​សម្ភារៈផ្សេងៗទៀត មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ១០លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៦៤កន្លែង។

ទី២-«TUBAO (CAMBODIA) DECORATION MATERIAL CO.,LTD»: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និងរ​ក្តា​បន្ទះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ១.៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១០០កន្លែង។

ទី៣-«ZHONGQI LIHUI CABLE CO.,LTD»: គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង និង​ខ្សែកាប មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មាន​ទុនវិនិយោគ​ចំនួន ២០.១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៣៩កន្លែង។

និង៤-«WINTIME (CAMBODIA) CO.,LTD»: គម្រោង​បង្កើត​រោងចក្រ​ផលិត​ដើម​ណូអែល គ្រឿង​លម្អ និង​អំពូល​ភ្លើង​លម្អ​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ ២.៤៣ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៥១កន្លែង៕