៩ខែ ឆ្នាំនេះ ក្រសួង បានផាកពិន័យយានយន្តដឹកលើសទម្ងន់រហូតជាង២ពាន់គ្រឿង

យោងតាមរបាយការណ៍នៃការអនុវត្តការងារ របស់ក្រសួងសារធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១នេះ ក្រសួងបានធ្វើការត្រួតពិនិត្យយានយន្តសរុបចំនួន១៨៣០ ៦៣១គ្រឿង ក្នុងនោះយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យមានចំនួន២២៤៧គ្រឿង។

របាយការណ៍នេះ ត្រូវបានបង្ហាញឡើង នៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលសម្រេចបានក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្តកាលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

កិច្ចប្រជុំដដែលបានបញ្ជាក់ថា យោងតាមរបាយការណ៍នៃការអនុវត្តការងារក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ ទទួលបានលទ្ធផលដូចខាងក្រោម៖

– យានយន្តត្រួតពិនិត្យសរុបចំនួន១ ៨៣០ ៦៣១គ្រឿង

– យានយន្តលើសទម្ងន់កម្រិតកំណត់ចំនួន៥៧៨ ១០៣ គ្រឿង ស្មើនឹង ៣១.៥៨% ដែលក្នុងនោះ យានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះចំនួន៥៧៥ ៨៥៦គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យមានចំនួន២ ២៤៧គ្រឿង ដែលរួមទាំងយានយន្តដែលឃាត់ទុកចំនួន២២៩គ្រឿង។

គួររម្លឹកថា កាលពីពេលថ្មីៗនេះ សម្តេច ហ៊ុន សែន បានណែនាំទៅក្រសួងសារធារណការ និងដឹកជញ្ជូន ថា យានយន្តចំនួន ២២៩គ្រឿង ដែលបានពិន័យ និងឃាត់ទុក ទទួលបានអនុគ្រោះពីសម្តេចតេជោ និងបានប្រគល់ជូនម្ចាស់យានយន្តវិញ។

ហេតុនេះ ក្នុងទិសដៅបន្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នឹងបន្តផ្សព្វផ្សាយ ពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ដេប៉ូខ្សាច់-ថ្ម និងសាធារណជនទាំងអស់ ឱ្យបានជ្រាបកាន់តែទូលំទូលាយ៕