ខេត្តកំពង់ស្ពឺ បន្តទទួលបានគម្រោងរោងចក្រកាត់ដេរថ្មីតម្លៃ៤លានដុល្លារអាមេរិក

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៤លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន១កន្លែង នៅលើទឹកដីស្រុកបសេដ្ឋ នៃខេត្តកំពង់ស្ពឺ។

យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន១ដែលទទួលបានការអនុម័តលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ គឺក្រុមហ៊ុន SD JINDA GARMENT (CAMBODIA) CO., LTD នឹងធ្វើការវិនិយោគរោងចក្រលើទីតាំងវិនិយោគស្ថិតនៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៣៤កន្លែង។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD  ក៏ទើបទទួលបានពីការអនុម័តពីរដ្ឋាភិបាលលើគម្រោងបង្កើតរោងចក្រកាតដេរថ្មី ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,២លានដុល្លារអាមេរិក នឹងជួយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា រហូតដល់១.៣១៤ កន្លែងផងដែរ ៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា https://www.facebook.com/206659399678107/posts/1552379661772734/